កម្មវិធីជួបជុំប្រជាពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយដល់កិច្ច ទំនាក់ទំនងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត ដែលរៀបចំឡើងដោយ ស្ថានទូតម៉ាឡេស៊ីប្រចំានៅកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងឱកាសអបអរខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី។
ពិធីនេះ ក៍មានការអញ្ជើញជាអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា, ព្រមទាំងសមាជិកនៃអង្គភាពការទូត ក្រុមធុរៈជន ក្រុមអាជីវករ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាឱកាសក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល គាំទ្រ និងរួមចំណែកឆ្ពោះទៅរកការផ្លាស់ប្តូរ ឌីជីថល តាមរយៈវិធីចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលប្រទេសទាំងពីរ។
ឯកឧត្តម បានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ប្រទេសម៉ាឡេស៊ី តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួននេះ ចាប់ផ្តើមប្រារព្ធតំាងតែពីឆ្នំា១៩៥៧មកម៉្លេះ ដែលគេចាត់ទុកថា ជាថ្ងៃទទួលបានឯករាជ្យភាពពេញលេញ ពីប្រទេសអង់គ្លេស កាលណោះគេស្គាល់ថា ជាប្រជាជាតិម៉ាឡេ។
ឯកឧត្តម បញ្ជាក់ទៀតថា ការវិនិយោគ និងផលប្រយោជន៍របស់ម៉ាឡេស៊ី នៅក្នុងប្រទេសកម្ពុជា មានភាពទូលំទូលាយ និងសម្បូរបែប រួមទាំងវិស័យ វាយនភណ្ឌ និងកាត់ដេរ, ធនាគារនិងធានារ៉ាប់រង, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមហ៊ុនអាកាសចរណ៍, ទំនាក់ទំនង, ប្រព័ន្ធផ្សព្វផ្សាយ, កសិកម្ម, ការអភិវឌ្ឍន៍និងការកម្សាន្ត។ ចំពោះទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជារឿយៗ ជាពិសេសភាគីទាំងពីរ បានបន្តប្ដេជ្ញាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងធុរកិច្ច ជាមួយនឹងសហគមន៍ធុរកិច្ចម៉ាឡេស៊ីដ៏សកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវ ចម និម្មល បានឲ្យដឹងដែរថា ជាច្រើនឆ្នាំ ភាពជាដៃគូដ៏រឹងមាំនៅតែបន្ត ក្នុងគោលបំណង ធ្វើឱ្យមិត្តភាពរវាងប្រទេសទាំងពីរ មានភាពទូលំទូលាយ ដោយនាំមកនូវការចែករំលែក អត្ថប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។ ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពួកយើងទាំងពីរហាក់ដូចជា មានការរីកចម្រើនជាវិជ្ជមាន ពីមួយឆ្នាំទៅមួយឆ្នាំ រហូតប្រទេសម៉ាឡេ បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី៩របស់កម្ពុជាក្នុងតំបន់អាស៊ាន១០ ដោយមានទំហំពាណិជ្ជកម្មជាង ៦០០លានដុល្លារក្នុងមួយឆ្នាំ។