ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា​ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​

នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកជំទាវឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា  ដែលរួមមាន​៖ វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងកីឡា។ លោកជំទាវ​អគ្គរដ្ឋទូត​បាន​ប្តេជ្ញាខិតខំជំរុញ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណសាធារណរដ្ឋគុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជានាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។ សម្ដេចបវរធិបតីបាន​វាយតម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង​  និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរ​រវាង​ប្រទេស​ទាំងពីរ​  និងបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត និងលើកទឹកចិត្តលោកជំទាវ ឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដេីម្បីបន្តជំរុញការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។

សម្តេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទអន្តរជាតិមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕