លោក ខេស៊ី បាណេត ៖ ការប្រកួតចំបាប់នេះ គឺមានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិក មកជួយចែករំលែកបច្ចេកទេស និងបណ្តុះបណ្តាលគ្រូបង្វឹកកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងបិទការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេស យុវជនថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតពីអាយុ៨-១០ឆ្នាំ និងពី១៥-១៧ ឆ្នាំ ដោយកាលពីមុនៗមក ការប្រកួតយុវជននៅកម្ពុជាមានក្រោមអាយុ១៨ឆ្នាំប៉ុណ្ណោះ។

លោក ខេស៊ី បាណេត សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។ ជាមួយគ្នានេះ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក៏មានការលេងកីឡាចំបាប់ នៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំជាដើម ដែលជាការថែរក្សាវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ក៏ជាការបណ្តុះបណ្តាលធនធានថ្នាលយុវជនលើប្រភេទកីឡាចំបាប់អន្តរជាតិ ដែលកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេសល្អ គឺចាប់ផ្តើមហ្វឹកហាត់ចាប់ពីវ័យ៨ឆ្នាំឡើងទៅ ហើយប្រសិនបើមនុស្សម្នាក់ចាប់ផ្តើមហ្វឹកហាត់ចាប់ពីអាយុ ១៥ឆ្នាំឡើង ឬ១៧ឆ្នាំឡើងទៅ គឺយឺតពេល ឬមិនសូវបានល្អ»។

បន្ថែមពីលើនេះ លោកអនុប្រធានសហព័ន្ធចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត នៅឆ្នាំក្រោយៗទៀត ហើយអាចនឹងបន្ថែមនូវវិញ្ញាសាចន្លោះវ័យពី១១-១២ឆ្នាំផងដែរ។

ចំពោះលទ្ធផលបច្ចេកទេស លើ៨កម្រិតទម្ងន់ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបវិហារសួគ៌ ទទួលបានមេដាយមាស ៣ មេដាយប្រាក់២, លេខ២ សមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ២ និងមេដាយសំរឹទ្ធ ១, លេខ៣ ក្លឹបយាយព្រីងមានរិទ្ធ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២, លេខ៤ ក្លឹបចំបាប់មេទ័ពម៉ឺនឯក មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២, លេខ៥ ក្លឹបគិរីជឺជីតស៊ូ ទទួលបានមេដាយមាស១ ខណៈ៦ក្លឹបផ្សេងទៀតទទួលបានត្រឹមមេដាយប្រាក់៣ក្លឹប និង៣ក្លឹបទៀតទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត៕