សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអំពាវនាវនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ឱ្យមានការ អនុវត្តជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុច របស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងឱ្យបាននូវឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។ សម្តេចបានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែងដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាឱ្យមានលទ្ធភាពស្តារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។
សម្តេចបានលើកឡើងបន្តថា តំបន់អាស៊ីអាគ្នេយ៍របស់កំពុងស្ថិតលើផ្លូវបំបែក ដែលនឹងក្លាយជា សមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងបណ្តាប្រទេសមហាអំណាច។ដូច្នេះគប្បីមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចៀសវាងការជាប់អន្ទាក់ ឬជាប់ជាមួយគូប្រជែងភូមិសាស្ត្រនយោបាយ ឬក៏ក្លាយជាកូនអុកនៃមហាអំណាចណាមួយ។
“យើងត្រូវចងចាំពីប្រវត្តិសាស្ត្ររបស់យើងថា បើយើងមិនរួមសាមគ្គីគ្នាទេ យើងនឹងបែកបាក់ ហើយយើង នឹងក្លាយជារដ្ឋចំណុះ ឬជាកូនអុកនៃមហាអំណាចខាងក្រៅមិនខាន។យើងត្រូវតែក្រោកឈរសាមគ្គីគ្នា ដើម្បីពង្រឹងអំណាចតំបន់ ដោយប្រើប្រាស់ យន្តការពហុភាគីនិយមក្នុងការទទួលបាននូវសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ តាមរយៈនិម្មាបនកម្មសន្តិភាពអន្តរជាតិ ប្រកបដោយបរិយាបន្ន” នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។
សូមជម្រាបថានៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
ក្នុងបទអន្តរាគមន៍ដែលមានរយៈជិត១០នាទី សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់បន្តថា អាស៊ានត្រូវមានភាពបុរេសកម្មក្នុងការចូលរួមជាមួយដៃគូសន្ទនារបស់ខ្លួន ដោយផ្តល់អាទិភាពដល់ប្រយោជន៍ស្នូលរបស់អាស៊ាន និងរក្សាបាននូវអំណាចកោះប្រជុំ និងអំណាចបទដ្ឋានរបស់អាស៊ាន ដែលជាការពង្រឹងគោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍មិនជ្រៀតជ្រែក។ ការរក្សាឯករាជ្យភាពនយោបាយ ស្វ័យភាពជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងមជ្ឈភាព និងពង្រីកស្ថាប័នសមូហភាពរបស់យើង គឺជាការរក្សាបាននូវការរស់រានមានជីវិតរបស់អាស៊ាន៕