គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចមួយចំនួន រួមមាន៖
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១ ស្ដីពីរបាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ២០២៣-២០២៤។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី២ ស្ដីពីសំណើថវិកាសម្រាប់លេខាធិការដ្ឋានអាយប៉ា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ ស្ដីពីវិសោធនកម្មលក្ខន្តិកៈអាយប៉ា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ ស្ដីពីការអនុម័តគោលការណ៍ណែនាំ និងនីតិវិធីនៃការចូលរួមរបស់អាយប៉ាជាមួយនឹងភាគីខាងក្រៅ។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ ស្ដីពីការអនុម័តកែលម្អនូវខ្លឹមសារឯកសារលក្ខខណ្ឌយោង និងឯកសារទស្សនទាននៃបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៦ ស្ដីពីអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងសមាគម/អន្ដរសភា
។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៧ ស្ដីពីអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងដៃគូអភិវឌ្ឍន៍។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៨ ស្ដីពីការទទួលស្គាល់រដ្ឋសភានៃព្រះរាជាណាចក្របារ៉ែន ចូលជាសភាសង្កេតការណ៍អាយប៉ា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៩ ស្ដីពីការទទួលស្គាល់រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ចូលជាសភាសង្កេតការណ៍អាយប៉ា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១០ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ ឯកឧត្តម Pehin Dato Haji Judin Haji Asar នៃប្រទេសព្រុយណេដារូសាឡាម។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១១ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ ឯកឧត្តម ហ៊ូ ស្រ៊ី នៃព្រះរាជាណាចក្រកម្ពុជា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១២ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ លោកជំទាវ Kanchanaratt Leevirojana នៃព្រះរាជាណាចក្រថៃ។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១៣ ស្ដីពីការសម្ដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តម Xaysomphone Phomvihane ប្រធានអាយប៉ាលើកទី៤៥។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១៤ ស្ដីពីការសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីនសម្រាប់ការបង់វិភាគទានស្ម័គ្រចិត្តចំនួន ២០.០០០ ដុល្លារអាមេរិក ដល់អាយប៉ា។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១៥ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៦។