គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច អាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា រួមជាមួយ ឯកឧត្តម អាយ ខន និង ឯកឧត្តម សេង ញ៉ក់ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួនប្រាំ រួមមាន៖
– សេចក្ដីព្រាងសេចក្ដីសម្រេចទី១ «ស្ដីពីការពង្រឹងតួនាទីរបស់សភាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសម្រេចបានអាស៊ានគ្មានគ្រឿងញៀន»។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី២ «ស្ដីពីសកម្មភាពសមាហរណកម្មឆ្ពោះទៅរកគំនិតផ្តួចផ្តើមលើសន្ធិសញ្ញាជា សកលស្តីពីប្លាស្ទីកក្នុងអាស៊ាន» ។

– សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ «ស្ដីពីការលើកកម្ពស់តួនាទីរបស់សភាក្នុងនវានុវត្តន៍សេវាថែទាំសុខភាពឌីជីថល»។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ «ស្ដីពីការលើកកម្ពស់សិទ្ធិសុខុមាលភាពសង្គម និងឱកាសការងារសម្រាប់មនុស្សចាស់ក្នុងតំបន់អាស៊ាន»។
– សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ «ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន»។
សមាសភាពគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចទាំងអស់ បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើនលើសេចក្តីព្រាងសេចក្តីសម្រេចទំាងអស់។ ចំណែកគណៈប្រតិភូសភាកម្ពុជា បានជោគជ័យក្នុងការធ្វើជាសហគាំទ្រជាមួយសភាឡាវ និងកម្ពុជា (Co-Sponsored by Lao PDR and Cambodia) លើសេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការគ្រប់គ្រងថ្នាំជក់ និងនីកូទីនក្នុងអាស៊ាន។
គណៈប្រតិភូសភាកម្ពុជាបានផ្តល់ធាតុចូលនិងបន្ថែមកថាខណ្ទមួយចំនួនលើសេចក្តីព្រាងសេចក្តីសម្រេចរបស់សភាសមាជិកអាយប៉ា ហើយត្រូវឯកភាពនិងអនុម័តដោយប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ។ ការទទួលយកយោបល់កម្ពុជាពីកិច្ចប្រជុំ បានបង្ហាញពីការទទួលស្គាល់នូវការចូលរួមរបស់កម្ពុជា ស្របតាមប្រធានបទនៃកិច្ចប្រជុំកំពូលអាយប៉ាលើកទី៤៥ ស្តីពីតួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងការរីកចម្រើនប្រកបដោយបរិយាបន្នរបស់អាស៊ាន៕