ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារទ្វីបអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដែលមានអ្នកចូលរួមជាង ៣០០នាក់
កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅតំបន់ Fujisawa ខេត្ត Kanagawa ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតំបន់នានាក្នុងប្រទេសជប៉ុនជាង ៣០០នាក់។
ស្ថានឯកអគ្គរាជទូតតែងតែរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមន៍ខ្មែរ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់បានមកជួបជុំគ្នាសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ព្រមទាំងចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ឱ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ កម្មវិធីនៃពិធីនេះមានជាអាទិ៍៖ សូត្រមន្ត ចម្រើនព្រះបរិត្តនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការបរិភោគអាហារសាមគ្គី ការច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្ត។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានឃើញបងប្អូនខ្មែរជាច្រើនកុះករមកអញ្ជេីញចូលរួម ដែលបង្ហាញពីសាមគ្គីភាព និងមិត្តភាព ព្រមទាំងស្មារតីខ្មែរតែមួយ។ ឯកឧត្តមឯកអគ្គរាទូតក៏បាន
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរនៅជប៉ុនយ៉ាងច្រើនដែលបានចូលរួមបរិច្ចាគវិភាគទានស័្មគ្រចិត្តក្នុង “មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន” និង
បានលើកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា។
ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតបាន
ជម្រាបជូនបងប្អូនខ្មែរអំពីការរក្សាបាននូវសន្តិភាពពេញលេញទូទាំងប្រទេសចាប់ តាំងពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន វឌ្ឍនភាពរបស់ប្រទេសកម្ពុជា រួមទាំងការត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលបានវាយតម្លៃរបស់គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃ អង្គការសហប្រជាជាតិ។