រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»

============

ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។

ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដោយផ្តល់នូវអនុសាសន៍ ក្នុងការចែករំលែកគំនិតយោបល់ ទស្សនៈទានរបស់កម្ពុជាដល់តំបន់ និងសកលលោក ដោយផ្អែកលើបទពិសោធន៍កម្ពុជា ចំពោះមុខបញ្ហាប្រឈមជាសកលទាំងឡាយដែលកម្ពុជាបានស្វែងយល់ស៊ីជម្រៅ ព្រមទាំងបានស្នើអង្គប្រជុំពិចារណាលើវិធីសាស្ត្រដែលតំបន់ និងពិភពលោកអាចទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត និងឱសថសារវ័ន្តសំខាន់ៗដោយស្មើភាព និងសមធម៌។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់ និងពង្រឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកបដោយស្វ័យភាពសុខភាព និងកាន់តែទូលំទូលាយចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើង ប្រកបដោយនវានុវត្តន៍។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលេចថា ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់យើងប្រកបដោយសមធម៌ ប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចតំបន់ និងសកលជាពិសេសការចាក់ថ្នាំបង្ការក្នុងស្ថានភាពអាសន្ននៃជំងឺរាតត្បាតដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខ ការប្រឈមនឹងការរីករាលដាលនៃជំងឺមិនឆ្លងនាពេលបច្ចុប្បន្ន និងការរាតត្បាតនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន និងអនាគត ការពង្រឹងក្របខណ្ឌនិយ័តកម្មរឹងមាំជាងមុនប្រកបដោយភាពធន ដោយទទួលស្គាល់កាតព្វកិច្ចនៃសាមគ្គីភាព សមធម៌ ព្រមទាំងកំណត់ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប និងគោរពការប្តេជ្ញាចិត្ត ជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្របកដោយចីរភាព៕