អាជ្ញាធរ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ នៃរាជធានីភ្នំពេញ ស្នេីរ និងសំណូមពរចំនួន២៣ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានី ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណា ឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័សនិងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ
នេះបេីតាមការអោយដឹងពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងនៅក្នុងឱកាសបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ រយៈពេល១ថ្ងៃកន្លះនៃវេទិកា ថ្នាក់ខណ្ឌនិងសង្កាត់ បានលើកឡើងជាសំណើរនិងសំណូមចំនួន ២៣ស្មើ៨ប្រធានបទ ក្នុងនោះនៅថ្នាក់សង្កាត់ចំនួន៧ ថ្នាក់ខណ្ឌចំនួន៧និងនៅថ្នាក់មន្ទីរ វិស័យចំនួន៩ ហើយក្នុងចំណោមសំណើរនិងសំណូម បញ្ហាប្រឈមទាំងនេះ យើងដោះស្រាយបានចំនួន៩បញ្ហា បញ្ជូនទៅថ្នាក់ជាតិអោយជួយដោះស្រាយចំនួន១៣បញ្ហានិង១បញ្ហាទៀតយើងព្យួរទុក នោះគឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ ដល់ក្រុមប្រឹក្សាសង្កាត់។ ការងារនេះយើងរងចាំអោយសមាគមនក្រុមប្រឹក្សា ពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ យើងមិនអាចធ្វើតែឯងនៅរាជធានីភ្នំពេញបានទេ ព្រោះវាក៏ពាក់ព័ន្ធនឹង ក្រុមប្រឹក្សានៅខេត្តផងដែរ។ ឯកឧត្តម បានបន្តអោយដឹងថា រដ្ឋបាលថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើរ និងសំណូមជាច្រើន ដូចជាការស្នើសុំ ផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ការស្នើសុំ ធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ការស្នើសុំអោយបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ការស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើសុំ ការចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ១ដងរួមគ្នា។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជាដែលមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕