ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌ 

នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។ សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមជាសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ 

សិក្ខាសាលាដែលកំពុងដំណើរការនារសៀលនេះ​ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំ ដែលជាប្រធានស្ថាប័ន​ និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣គឺ៖  (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ 

គួររម្លឹកថា កាលពីសប្តាហ៍មុន ក្រសួងមុខងារសាធារណៈ បានសហការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំជាមួយក្រសួងចំនួន៤ រួចមកហើយ ក្នុងនោះ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។