អាយប៉ា៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាងប្រទេសឡាវ

អាយប៉ា៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាក្រុងហ្លួងព្រះបាងប្រទេសឡាវ 

————————

(វៀងច័ន្ទន៍)បន្ទាប់ពីបញ្ចប់មហាសន្និបាតអាយប៉ាលើកទី៤៥ រដ្ឋសភាប្រទេសឡាវ បានរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូសភាកម្ពុជានិងគណៈប្រតិភូសភាប្រទេសដ៏ទៅទៀត ទស្សនាខេត្តហ្លួងព្រះបាងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៤។

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនក្រុងហ្លួងព្រះបាង។ មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅពេលនេះក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” ប្រារព្ធធ្វើពីថ្ងៃ១៧ដល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤។

ក្រុងហ្លួងព្រះបាង ជាក្រុងដ៏ចំណាស់មួយរបស់ប្រទេសឡាវ តំបន់ប្រវត្តិសាស្រ្តនៅក្នុងក្រុងបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ១៩៩៥។ ស្ថិតនៅភាគខាងជើងប្រទេស ហ្លួងព្រះបាង ជាតំបន់ទេសចរណ៍ វប្បធម៌ល្បីល្បាញមួយរបស់ប្រទេសឡាវ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏ដូចជាគណៈប្រតិភូសភាប្រទេសផ្សេងទៀត បានទស្សនា ប្រាសាទXiengThong ទស្សនាសារមន្ទីរហ្លួងព្រះបាង និងទឹកធ្លាក់ Kuang Xi។

ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅហ្លួងព្រះបាង ជាការភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ សប្បូរបែបនិងយូរលុងប្រទេសទាំងពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងការងារការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងទ្វេភាគីនិងពហុភាគីដោយយកពលរដ្ឋជាស្នូល៕