ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ
នៅក្នុងទិវាប្រកបដោយសិរីមង្គល នៃព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ជាង១០០នាក់ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចការងាររបស់ លោកវេជ្ជបណ្ឌិត អ៊ុន សម្ភស្ស ប្រធានមន្ទីពេទ្យសម្ដេចឪ សម្ដេចម៉ែ ជាពិសេសការព្យាបាលជំងឺជូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់មន្ទីរពេទ្យពហុព្យាបាលសម្ដេចឪ សម្ដេចម៉ែរួចមក ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានរយៈពេល ៣ (បី)ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា ព្រមទាំង មានការរៀបចំមិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ចសុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៤០ ឆ្នាំមកនេះ
ហើយបច្ចុប្បន្នសម្តេចគឺជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានដឹកនាំប្រទេសជាតិឲ្យមានការប្រែប្រួលអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាជនទូទាំងប្រទេសប្រកបដោយសេចក្តីសុខក្សេមក្សាន្ត រហូតមកដល់នាយករដ្ឋមន្ត្រីបន្តវេន អាណត្តិទី៧ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តបោះជំហានយ៉ាងស្វាហាប់ និងមោះមុត ក្នុងការថែរក្សានូវខឿនសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។
បន្ទាប់អំពីកម្មវិធីសំណេះសំណាងសាកសួរសុខទុក្ខ រួចមក ឯកឧត្តម ឈិន កេតនា បានចែកជូននូវអំណោយរួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល និងស្រ្តីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ សរុបទាំងអស់ជាង១០០ នាក់ ។ សូមបញ្ជាក់ជូនថាអំណោយដែលចែកជូន ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ។