អង្គការYUNDIរបស់ប្រទេសចិន បានរៀបចំ ឱ្យមានដំណើរទស្សនកិច្ច របស់សិស្សានុសិស្ស របស់សាលាបឋមសិក្សាបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។លោកស្រី Yang Lihua ប្រធានអង្គការYUNDI បានលើកឡើងថា នេះជាគម្រោងឆ្នាំទី២ដែលអង្គការYUNDIបានអនុវត្តគម្រោងនៃការតភ្ជាប់លើការយល់ដឹងកាន់តែស៊ីជម្រៅពីការវិនិយោគរបស់ជនជាតិចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កម្មវិធីនេះនឹងចូលរួមមិនត្រឹមតែពង្រឹងនូវសកម្មភាពនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការរួមចំណែកលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាថែមទៀតផង។ ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ថា តាមរយៈសួនឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ យើងនឹងឃើញពីការរីកចម្រើន និងគុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែធូរធារនិងប្រសើរឡើងជាលំដាប់។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានអាណាព្យាបាលជាអ្នកបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្តកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនទៅជាកម្មករជំនាញ ទៅជាអ្នកឯកទេស ទៅជាដៃគូវិនិយោគជាមួយវិនិយោគិនចិន ដើម្បីរួមចំណែដល់ការអភិវឌ្ឍសង្គមជាតិ។ លោក Tao Guozhong អគ្គនាយកក្រុមហ៊ុន General Tire Technology (Cambodia) Co., Ltd. បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយ ចាប់តាំងពីការបង្កើតរោងចក្រមក ដែលកូនៗរបស់និយោជិត ត្រូវបានទទួលស្វាគមន៍ចូលមកទស្សនានិងឈ្វេងយល់ពីចង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ កុមារី ឡៃ លក្ខិណា កំពុងសិក្សានៅថ្នាក់ទី៣នៃសាលាបឋមសិក្សាបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ បានរីករាយ ជាមួយនិងសមិទ្ធផលដ៏ច្រើនក្នុងរយៈពេល៦៦ឆ្នាំនៃចំណងទាក់ទងការទូតរវាងកម្ពុជានិងចិន ហើយកុមារីក៏បានប្តេជ្ញាចិត្តនៅក្នុងការសិក្សារៀនសូត្រ ហើយបន្តរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាពកាន់តែប្រសើររវាងប្រជាជនកម្ពុជានិងប្រជាជនចិនថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨មក អង្គការYUNDIបានអនុវត្តនូវគម្រោងជាច្រើនក្នុងប្រទេសកម្ពុជាដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ដែលជាពិសេសគឺការជួយវះកាត់និងព្យាបាលជំងឺបេះដូងចំហជូនដល់កុមារកម្ពុជាដែលគិតមកដល់ពេលនេះមានចំនួន១១៦នាក់៕