សម្ដេចមហាមន្ត្រី គុយ សុផល ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំ អន្តរក្រសួង ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង គ.ជ.ប.អ. ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មការ អនុគណៈកម្មការ គណៈលេខាអចិន្ត្រៃយ៍ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រដ្ឋបាលរាជធានី ខេត្ត ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កិច្ចប្រជុំប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
សម្តេចមហាមន្ត្រី បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ដែលបាន ចូលរួមប្រជុំតាមការអញ្ជើញ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានលើកយកការងារចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ត្រូវរួមសហការគ្នា ដើម្បីរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
បន្ទាប់មក ឯកឧត្តម ឈិន កេតនា បានដំណើរការអង្គប្រជុំបន្ត និងលើកយកគោលការណ៍សំខាន់ៗ សម្រាប់អនុវត្ត ព្រមទាំងបានជម្រាបជូនអង្គប្រជុំថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានទូកចូលរួមប្រណាំងសរុប ៣៤៦ទូក និងប្រទីបចំនួន ៣៥ នៅក្នុងព្រះរាជពិធីក៏មានការអុជកាំជ្រួចរយៈពេល ៣ ថ្ងៃ ដែលចាប់ផ្ដើមនៅពេលប្រទីបព្រះបរមរាជវាំងចេញដំណើរ ហើយប្រទីបទាំងអស់បណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើងរហូតដល់ម៉ោង ២២:០០ នាទីយប់ ទើបឈប់នឹងចតនៅមុខព្រះបរមរាជវាំង ។
ឯកឧត្តម ឈិន កេតនា បានពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅសម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យមានភាពរលូន ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា ។
ឯកឧត្តម បានណែនាំកិច្ចការងារមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំដែលមានទូកចូលរួម ប្រកួតក្នុងព្រះរាជពិធីឲ្យពិនិត្យផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ។
ឯកឧត្តម ក៏បានលើកឡើង នឹងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និង វាយតម្លៃ សន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ និងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ផងដែរ ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ ទង់ បដា ភ្លើងបំភ្លឺ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យឲមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រ
ដ៏ល្អផូរផង់របស់ជាតិ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ក៏បានសំណូមពរអោយគ្រប់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត បានជ្រាប និងចាត់តាំងអនុវត្តតាមស្មារតីនៃអង្គប្រជុំឱ្យសម្រេចលទ្ធផលល្អប្រសើរ។