ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមុខ ងារសាធារណៈ និងប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថា ស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ៣៩០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ នៅក្នុងសហសាល និងពីចម្ងាយតាមរយៈប្រព័ន្ធសិក្សា Microsoft Teamsរបស់សាលាភូមិន្ទរដ្ឋបាល ក្រោមវត្តមានអញ្ជើញជាអធិបតីភាពពីវាគ្មិនកិត្តិយស ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ, ទស្សនាទាន, ឧត្តមានុវត្តលើការដឹកនាំនិងការគ្រប់គ្រងលើវិស័យសាធារណៈ, ការលើកកម្ពស់គុណធម៌ជាមន្ត្រី, ភាពជាគំរូក្នុងការដឹកនាំនិងការបំពេញការងារ, ការងារ កែទម្រង់និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍បញ្ជាក់ថា
លើសពីនេះ កម្មវិធីបាឋកថា តែងបានផ្តល់ឱកាសដ៏វិសេសមួយដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម បានលើកឡើងនូវសំណួរសំខាន់ៗទៅកាន់វាគ្មិន ដើម្បីទទួលបាននូវពុទ្ធិ គតិបណ្ឌិត វិធីសាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការគិតគូររៀប ចំផែនការការងារ គោលនយោបាយ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍប្រក បដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។ នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំកម្មវិធីបាឋកថានេះ រួមមាន៖ ទី១- ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ ទទួលការណែនាំ ការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពី ឯកឧត្តមរដ្ឋមន្ត្រី ប្រិតភូអមទាំងពីររូបដោយផ្ទាល់។ ទី២- ជាសកម្មភាពបុរេសកម្មក្នុងការងារគោលនយោបាយជាតិ ក៏ដូចជាប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ។ ឆ្លៀតក្នុងឱកាស នេះ ឯកឧត្តម យក់ ប៊ុនណា បានចែករំលែកជូនអង្គពិធីនូវព័ត៌មានមួយចំនួនអំពីបទពិសោធន៍ការសិក្សា និងការងាររបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមទាំងពីររូប និងបានសម្តែងនូវសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម បែន បូណា និង ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ដែលបានចូលរួមចែករំលែក និងគាំទ្រដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលតាមរយៈបាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» ដែលជាប្រធានបទគន្លឹះមួយក្នុងការសិក្សាស្វែងយល់។ជាមួយគ្នានេះ ការគាំទ្រ និងការចូលរួមចំណែករបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមទាំងពីររូប គឺជាសកម្មភាពប្រកប ដោយ គុណតម្លៃខ្ពស់ ក្នុងការជួយជំរុញនិងពង្រឹងដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្សក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរជាឧត្តមប្រយោជន៍ម្រាប់ការបម្រើជាតិមាតុភូមិ ស្របតាមចក្ខុវិស័យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញធ្វើបទបង្ហាញលើប្រធានបទស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន» ។ និងបទបង្ហាញលើប្រធានបទស្តីពី «ភូមិសាស្ត្រនយោបាយ» ដោយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។