ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពី (រុស្ស៊ី និងកាហ្សាក់ស្ថាន) ចំនួន ២៣៤ នាក់ បានហោះត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ហោះហើរត្រង់មកពីប្រទេស រុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ចំនួន២៣៤ នាក់ មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបន្ទាប់ពីជំងឺកូវីដបានស្ងាត់ៗទៅវិញ។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថានេះជាមោទនភាពសម្រាប់ខេត្តព្រះសីហនុ ក្នុងការទទួលភ្ញៀវទេសចរប៉ែកអឺរ៉ុបមកជាលើកដំបូងមកទស្សនាខេត្តព្រះសីហនុដែលជាខេត្តមានសក្តានុពលជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរជាតិទាំងអន្តរជាតិមកលំហែរកំសាន្ត តាមរយៈការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរ អាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសនានាមកកាន់ព្រះរាជាណាចក្រកម្ពុជាយើង។

ហើយភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន និងមកជាបន្តបន្ទាប់នៅថ្ងៃនេះថ្ងៃស្អែករហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤ មានយន្តហោះដឹកភ្ញៀវទេសចរមកជាង ៤០ យន្តហោះបន្ថែមទៀតផងដែរមកសម្រាកលំហែក្នុងខេត្តរបស់យើង។ចំពោះភ្ញៀវទេសចរដែលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុមានរយៈពេលចាប់ពី ៥ ថ្ងៃ១សប្តាហ៍ឬក៏ ១០ ថ្ងៃ ហើយភ្ញៀវប្រមាណ ១០% ក៏បានទៅទស្សនាកំសាន្តនៅខេត្តសៀមរាប។

អភិបាលរងខេត្តក៏បានបញ្ជាក់ថាចំពោះភ្ញៀវទេសចរណ៍មកពីប៉ែកអឺរ៉ុបមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះសបញ្ជាក់ឲ្យឃើញពីទំនុកចិត្តសុខសន្តិភាពស្ថេរភាពនយោបាយនៃប្រទេសកម្ពុជាក្រោមកាដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះអាជ្ញាធរខេត្តបានរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ទាំងការស្នាក់នៅទាំងបដិសណ្ឋារកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរមានភាពកក់ក្តៅមកសម្រាកលំហែកំសាន្តលើទឹកដីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាមកម្ដងហើយនិងចង់មកលេងម្ដងទៀត៕