លោកជំទាវ ឡងឌី សាន់ណារ៉ា បើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចង្កឹះមួយបាច់”
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកកម្មវិធី “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤” ជាផ្លូវការហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាមួយគ្នានេះដែរ លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានលើកឡើងថា មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤ រៀបចំឡើងក្នុងគោលបំណងដើម្បីថែរក្សាការពារ និងលើកស្ទួយតម្លៃសិល្បៈល្ខោនបាសាក់ ដែលជាមរតកវប្បធម៌អរូបីយ៍ក្នុងចំណោមមរតកវប្បធម៌ជាច្រើនទៀតដែលត្រូវស្ដារឱ្យរស់ឡើងវិញ។ លោក ឈាង ឆដាភ័ក្ត្រ បានឱ្យដឹងទៀតថា ក្រោយឆ្លងកាត់ការពិនិត្យវាយតម្លៃប្រកបដោយស្មារតីទទួលខុសត្រូវ សុក្រឹត្យ មិនលម្អៀង នាយកដ្ឋានសិល្បៈទស្សនីយភាពជ្រើសរើសបាននូវស្នាដៃចំនួន៥នៃក្រុមល្ខោនមកពីខេត្តចំនួន៣។ ក្រុមល្ខោនទាំង៥ ដែលត្រូវប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រ មានដូចជា ក្រុមល្ខោនបាសាក់ រស្មីអង្គរ មកពីខេត្តបន្ទាយមានជ័យ, ក្រុមល្ខោនបាសាក់ កែវ សុភ័ណ្ឌ មកពីខេត្តកំពង់ចាម, ក្រុមល្ខោនបាសាក់ សុធារឹទ្ធពិជ័យបារមីភ្នំខ្សាច់ មកពីខេត្តកំពង់ចាម, ក្រុមល្ខោនបាសាក់ នាយប្រិមប្រិយស្រីម៉ៅ មកពីខេត្តត្បូងឃ្មុំ និងក្រុមល្ខោនបាសាក់ រស្មីអប្សរា មកពីខេត្តត្បូងឃ្មុំ។
ថ្លែងនៅក្នុងពិធីបើក “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤” លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤ អាចប្រព្រឹត្តទៅប្រកបដោយសេចក្តីសប្បាយរីករាយនាពេលនេះដោយសារកម្ពុជាមានសុខសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅឆ្នាំ១៩៩៨។ លោកទំជាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុក មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤ ជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈល្ខោនបាសាក់ដែលជាទម្រង់មរតកវប្បធម៌អរូបីយ៍ដ៏ចំណាស់មួយរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ឡងឌី សាន់ណារ៉ា បានគូសបញ្ជាក់ថា កិច្ចការពារថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ មួយវិញទៀត មហោស្រពនេះក៏ជាការផ្ដល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីព សិល្បករ សិល្បការិនីល្ខោនបាសាក់ សំដៅអភិរក្សទម្រង់សិល្បៈល្ខោនបាសាក់ឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ។
សូមជម្រាបថា មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ហើយកម្មវិធីមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤នេះ បើកឱ្យសាធារណជនចូលទស្សនាដោយសេរី៕