ប្រទីបថ្មីរបស់ក្រសួងព័ត៌មាន បានកំពុងរៀបចំសោភណភាពអោយស្រស់ស្អាតដើម្បីត្រៀមចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសគណៈកម្មការរៀបចំប្រទីប ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយពីម្ចាស់ទឹក ម្ចាស់ដី ដើម្បីរៀបចំសាងសង់ប្រទីបក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយដងទន្លេសាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បន្ទាប់ពីរៀបចំពិធីសុំសេចក្តីសុខដល់ជាង និងអ្នកគ្រប់គ្រងរៀបចំប្រទីប ពីម្ចាស់ទឹក ម្ចាស់ដី រួចមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបច្ចេកទេស រចនាបថប្រទីប និងខ្លឹមសារនានាអោយបានល្អ ត្រឹមត្រូវសម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញអោយសាធារណជនទូទៅបានឃើញនូវប្រទីបថ្មីរបស់ក្រសួងព័ត៌មាន ដែលមានសោភណភាព ស្រស់ស្អាត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
តាមតូលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានអោយដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន ៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ហើយសម្រាប់ឆ្នាំនេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមោទនភាព បានរៀបចំប្រទីបចូលរួមសប្បាយរីករាយផងដែរ ៕