ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំទិវា ជនជាតិភាគឦសាននៃប្រទេសឥណ្ឌាជាលើកដំបូង ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេស

ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំទិវា ជនជាតិភាគឦសាននៃប្រទេសឥណ្ឌា (Northeast Day) ជាលើកដំបូង ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនិងស្ថានទូត ក៏ដូចជាសកម្មភាពរបស់ខ្លួននៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមកម្មវិធីនេះប្រមាណជាង១៥០ នាក់។ ការប្រារព្ធពិធីដែលបានធ្វើឡើងនៅបរិវេណស្ថានទូតបានចាប់ផ្តើម ដោយការគោរពភ្លេងជាតិនៃសាធារណ:ឥណ្ឌា អមដោយការសម្តែងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីនិងទំនៀមទំលាប់នៃជនជាតិភាគឦសាននៃប្រទេសឥណ្ឌា។   លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះ ការចូលរួមពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងប្រទេសកម្ពុជាមកពីរដ្ឋភាគឦសាននៃប្រទេសដើម្បីប្រារព្ធទិវានេះ។ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាការចាប់ផ្តើម ហើយវានឹងបន្តធ្វើជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកជំទាវឯកអគ្គរដ្ឋទូត លោកជំទាវក៏បានជូនដំណឹងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការប្រកាសដាក់ភាសាអាសាំ(Assamese) ដែលជាភាសាមួយក្នុងចំណោមភាសានៃរដ្ឋភាគឦសាន ជាភាសាបុរាណរួមជាមួយភាសាម៉ារ៉ាធី(Marathi) បាលី(Pali) ប្រាគ្រីរី(Prakriti) និងភាសាបេងហ្គល (Bengali)។ លោកជំទាវបានប្រៀបធៀបរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាទៅនឹងភួងដ៏ស្រស់ស្អាតនៃផ្កាដែលមានពណ៌ និងក្លិនខុសៗគ្នា ហើយបាននិយាយថាវាគឺជាច្រកទ្វាររបស់ឥណ្ឌាទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។. រដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាមានចំនួនប្រាំបីគឺAssam, Tripura, Mizoram, Meghalaya, Nagaland, Manipur, Arunachal Pradesh និង Sikhim រដ្ឋទាំងនេះមានព្រំប្រទល់អន្តរជាតិជាមួយ ប្រទេសចិន មីយ៉ាន់ម៉ា បង់ក្លាដែស នេប៉ាល់ និង ប៊ូតង់។ រដ្ឋភាគឦសានត្រូវបានគេស្គាល់ថាជារដ្ឋសម្បូរទៅដោយសម្រស់ធម្មជាតិ ភាពចម្រុះនៃវប្បធម៌ អាហារ ភាសា និងធនធានធម្មជាតិដ៏សម្បូរបែប។ នៅក្នុងប្រទេសកម្ពុជា វត្តមានរបស់ប្រជាជនឥណ្ឌាពីភូមិភាគឦសានមិនសូវមានច្រើនប៉ុន្មាននោះទេ ហើយភាគច្រើនមានតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ។ បន្ទាប់មក ប្រជាជនឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសបានបង្ហាញនូវកម្មវិធីវប្បធម៌ផ្សេងៗ ក្នុងនោះរួមមាន របាំឫស្សីដ៏អស្ចារ្យ និងការច្រៀងជាក្រុមដ៏ពិរោះ។ បន្ទាប់មក អ្នកចូលរួមទាំងអស់បានទទួលទានម្ហូបអាហារពិសេសតាមបែបប្រពៃណីជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ហើយការប្រារព្ធពិធីនេះបានបញ្ចប់ទៅប្រកបដោយសោមនស្សរីករាយ។