ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ

នៅរសៀលថ្ងៃសៅរ៍ ៩ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ប្រតិភូក្រសួងព័ត៌មានដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព របស់លោក ជា ចាន់តូ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។  នៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដោយក្នុងខ្លឹមសារលិខិតមានខ្លឹមសារថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ លោកជំទាវបណ្ឌិត បានទទួលមរណភាព គួរអោយសោកស្តាយបំផុត ។  មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទី គោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំ បណ្តុះបណ្តាលបញ្ញាស្មារតីដល់កូនៗ និងចៅៗឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ជាពិសេស ជាការបាត់ បង់នូវឥស្សរជនជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែល បានដឹកនាំវិស័យធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា និងពេញមួយជីវិតរបស់ ឯកឧត្តម បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់ពុះពារគ្រប់ឧបសគ្គ ដើម្បីបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ ។   ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវបណ្ឌិត ព្រមទាំងក្រុម គ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕