ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន និងបានផ្តល់អនុសាសន៍ ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មសកល

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ 

ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម មានប្រសាសន៍ថា ប្រធានបទនៃសន្និសីទនេះ មានសារៈសំខាន់ និងឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នដោយយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាកំណត់រូបរាងនៃអនាគតរបស់យើង។ ដូចនេះ ការសិក្សាអំពីអរិយធម៌ដ៏រុងរឿងរបស់ចិន ព្រមទាំងភាពជោគជ័យ និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាសំខាន់ ក្នុង ការ សម្រេច បាន សុខដុមនីយកម្មពិភពលោក  ព្រោះអរិយធម៌ចិន ជាអរិយធម៌ចំណាស់ជាងគេមួយ និងស្ថិតស្ថេរបំផុត និងបានបានរួមចំណែកក្នុងការវិវឌ្ឍនៃទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈ អភិបាលកិច្ច និងការទូតសកល។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា-ចិន  មានទំនាក់ទំនងជាមួយគ្នាតាំងពីសម័យបុរាណ  និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ក្នុងអំឡុងសតវត្សរ៍ទី១៩ និង២០ ជនជាតិ ចិន ជាច្រើន រួមទាំងប្រជាជនខេត្តហ្វូជាន បាន ធ្វើ ចំណាក ស្រុក មកតាំងនៅទីកន្លែងផ្សេងៗនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ ហើយពួកគេរស់នៅកម្ពុជាជាច្រើនតំណមកហើយ ដោយនៅតែរក្សានិងប្រកាន់ប្រពៃណី និងវប្បធម៌ចិន ដូនតារបស់ពួកគេជានិច្ច។ សព្វថ្ងៃនេះប្រទេសទាំងពីរ កម្ពុជា-ចិន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងរួមគ្នាកសាងសហគមន៍វាសនារួមទៀតផង។ ទំនាក់ទំនងកម្ពុជាចិន គឺពុំគិតលើមូលដ្ឋាន ប្រទេសធំនិងតូច ខ្លាំងនិងខ្សោយនោះទេ នោះគឺជាទំនាក់ទំនងដោយឈរលើគោលការណ៍ស្មើភាព ការគោរពឯករាជ្យភាព អធិបតេយ្យភាព ផ្តោតលើផលប្រយោជន៍រួមគ្នា។

ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល ដាក់ចេញដោយ ឯកឧត្តម ស៊ី ជីនពីង ដែលគំនិតផ្តួចផ្តើមនេះបានផ្តល់តម្លៃដល់ការគោរពភាពចម្រុះនៃអរិយធម៌ គុណតម្លៃមនុស្សជាតិ សារៈសំខាន់នៃកេរដំណែល និងនវានុវត្តន៍អរិយធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ផ្អែកលើគោលការណ៍ទាំងនេះ មិត្តចិនមានឆន្ទៈក្នុងការធ្វើការងារជាមួយគ្រប់ភាគីទាំងអស់ ដើម្បីរួមគ្នាលើកតម្លៃសកលនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់អង្គសន្និសីទ ដូចជា៖ ១) ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអ្នកស្រាវជ្រាវពីចិន ទាំងទ្វេភាគី និងពហុភាគី ដើម្បីចែករំលែកពុទ្ធិរវាងគ្នា, ២) លើកកម្ពស់សុខដុមរវាងអរិយធម៌ចម្រុះ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន ដែលជាតម្លៃមិនអាចខ្វះបានក្នុងការដោះស្រាយជម្លោះ និងភាពតានតឹងភូមិសាស្រ្តនយោបាយ, ៣) គាំទ្រគំនិតផ្តួចផ្តើមអភវិឌ្ឍប្រកបដោយចីរភាពនានា ក្នុងការធ្វើឱ្យទំនើបកម្មពិភពលោក ស្របតាមនិរន្តរភាពនៃបរិស្ថាន និងវិបុលភាពសកល, ៤) លើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូនៃភាពជោគជ័យរបស់ប្រទេសចិន ឈាន ទៅធានាបាន បរិយាបន្ន នៃទំនើប ភាវូបនីយកម្ម ដែលផ្តល់ប្រយោជន៍រួម, និង ៥) រួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ដែលផ្តោតការគោរពគ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម  និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។

ចុងក្រោយ ឯកឧត្តម វង សូត បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់ជាតិសាសន៍ ទោះមានវប្បធម៌ចម្រុះផ្សេងៗគ្នាក៏ដោយ ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ឈានទៅសម្រេចបានពិភពលោកមួយប្រកបដោយសុខដុមរមនា៕