ព្យុះទីហ្វុង Trami បានធ្វើដំណើរមកដល់ឆ្នេរសមុទ្រវៀតណាមកំពុងគំរាមកំហែងឲ្យមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ខណៈវាបានសម្លាប់មនុស្សជាង១០០នាក់រួចហើយនៅហ្វីលីពីន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្យុះទីហ្វុង Trami បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកកាន់តែខ្លាំងដែរ ខណៈដែលវាបានខិតមកកាន់តែជិតនៃភាគកណ្តាលប្រទេសវៀតណាមចាប់ពីថ្ងៃអាទិត្យនេះ។ ទូរទស្សន៍វៀតណាម VTV បានបង្ហាញរូបភាពដែលដើមឈើបាក់រលំនិងបិទផ្លូវមួយ ខណៈដែលភ្លៀងធ្លាក់បានវាយលុកទីក្រុង Da Nang ដ៏ល្បីរបស់វៀតណាមដែរ ។ អាជ្ញាធរបានផ្អាកប្រតិបត្តិការមួយចំនួនដូចជានៅក្នុងអាកាសយានដ្ឋានចំនួន៤ក្នុងតំបន់ និងកោះហៅទូកនេសាទត្រលប់មកទីជម្រកវិញ ព្រមទាំងព្រមានប្រជាជនហាមចាកចេញពីផ្ទះរបស់ពួកគេបើគ្មានភាពចាំបាច់។ មុនពេលព្យុះ Trami នេះទៅដល់ប្រទេសវៀតណាម ព្យុះត្រូពិចនេះក៏បានបោកបក់លើប្រទេសហ្វីលីពីនបណ្តាលឱ្យមានទឹកជំនន់ និងរអិលបាក់ដីទ្រង់ទ្រាយធំដ៏ធំនៅក្នុងប្រទេសនេះសម្លាប់ជាង១០០នាក់ហើយ និងចំនួនមនុស្សបាត់ខ្លួនបានកើនឡើងដល់ជាង១៣០នាក់ដែរ នេះបើយោងតាមការបង្ហោះរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ៕ សម្រួលអត្ថបទ៖ សុផារិន្ទ