ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកាជូនកងទ័ព នៅបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនា មានសម្ព័ន្ធភាពជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំគណ:ប្រតិភូសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការនិងជាមេបញ្ជាការអង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែលបានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវនិងជោគជ័យខ្ពស់។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់ដោយក្តីនឹករលឹក។ ហើយដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់  ដែលកំពុងបំពេញការងារតាមភារកិច្ចរៀងៗខ្លួននៅគ្រប់ទីកន្លែង។

 

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជការនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវទំនាក់ទំនងល្អ និងលើកទឹកចិត្តកកងទ័ពដែលឈរជើងនៅទីតាំងបញ្ជូនសារនេះ  ព្រមទាំងបានប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកា  ជូនកងកម្លាំងបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ក្នុងឱកាសដ៏សោមនស្សរីករាយនោះផងដែរ ៕