តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីអារាមវត្តលឹមពូលសាមគ្សារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
ឯកឧត្តម សួន ពិរុណ ទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ឈុំ វត្តី តំណាងដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីអារាមវត្តលឹមពូលសាមគ្សារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃពិធីដង្ហែអង្គឋិនទានវេរប្រគេនដល់ព្រះភិក្ខុសង្ឃ គង់នៅវត្ត លឹមពូលសាមគ្សារាម ឯកឧត្តម សួន ពិរុណ មានប្រសាសន៍ថា នៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានមានសទ្ធាជ្រះថ្លា គ្រោងនឹងធ្វើការដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត ខេត្តកំពង់ស្ពឺ មានចំនួន ១វត្ត ខេត្តកណ្តាលមានចំនួន ៣វត្ត និងនៅរាជធានីភ្នំពេញ មានចំនួន ១វត្ត។ ហើយវត្តនេះ គឺជាវត្តទី៦ ដែលឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានដឹកនាំដង្ហែអង្គកឋិនទានចូលរួមជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធ ដើម្បីប្រមូលបច្ច័យ ចូលរួមចំណែកលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សួន ពិរុណ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង ឱកាសទាំងនេះសម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយតទៅទៀត តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាការពារសុខសនិ្តភាព រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។
ឯកឧត្ដម សួន ពិរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរដែនដី ស្រុកខេត្តកណ្ដាល កុំចាញ់ការញ៉ួសញ៉ុងរបស់ជនអគតិ ហើយត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ និងការកសាងអភិវឌ្ឍជាតិ។
នៅក្នុងឱកាសដែរនោះ ឯកឧត្តម សួន ពិរុណ និងលោកជំទាវ បាននាំយកបច្ច័យសង្កត់ត្រៃ ចំនួន៥០លានរៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន និងបច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ចំនួន ២០លានរៀល សរុបបច្ច័យមាន ចំនួន ៧០លាន រៀល។