ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញ ចុះពិនិត្យមើលការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសូរគងនិងមណ្ឌលសុខភាពស្តៅ នៃខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖បន្ទាប់ពីបានបញ្ចប់ការចុះពិនិត្យមើលមណ្ឌលសុខភាពសូរគងរួចមកឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន ឈាងចូលពិនិត្យមើលការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ ដោយការនឹករលឹក និងគាំទ្រផ្តល់កម្លាំងចិត្តដល់មន្រ្តីសុខាភិបាលក្នុងមណ្ឌលសុខភាព កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤មុននេះ។

ក្នុងការចុះពិនិត្យនៅមណ្ឌលសុខភាពស្តៅនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។ ជាចំនុចពិសេសនៅមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាព ដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕