បច្ច័យសង្កត់ត្រៃជាង៣៧លានរៀល ដែលជាកម្លាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តតាំងក្រសាំងខាងជើង
នៅក្នុងឱកាសដែលពុទ្ធិបរិស័ទខ្មែរទូទាំងក្នុងនិងក្រៅប្រទេសរីករាយនិងពិធីបុណ្យកឋិនទាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តតាំងក្រសាំងខាងជើង បានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទកសាងឡើងនូវអង្គកឋិនទានទៅតាមកម្លាំងសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសីលធម្មគុណ គីម ធួន ព្រះរាជាគណថ្នាក់កិត្តិយស ព្រះចៅអធិការ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តតាំងក្រសាំងខាងជើង ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានជួបជុំគ្នាប្រគេនយាគូ វេរភត្ត ដល់ព្រះសង្ឃ និងជួបជុំទទួលត្រៃ ដើម្បីដង្ហែអង្គកឋិនប្រទក្សិណ បីជុំព្រះវិហារ។
ការរីកចម្រើនផ្នែកវិស័យពុទ្ធចក្រនិងអាណាចក្រគឺពឹងផ្អែកទៅលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយដែលជាផ្នែកមួយមិនអាចខ្វះបាន ជាក់ស្តែងការជួបជុំប្រារព្ធពិធីដង្ហែអង្គកឋិនទាននៅពេលនេះ និងរាល់សមិទ្ធផលនានាដែលកើតមាននៅក្នុងតាំងក្រសាំងខាងជើង គឺកើតមានបន្ទាប់ពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។
ដោយឡែកបច្ច័យប្រមាណជាង៣៧លានរៀល ដែលបានមកពីកម្លាំងសទ្ធារបស់ប្រជាពុទ្ធបរិស័ទដែលបានវេរប្រគេនព្រះចៅអធិការ និងព្រះសង្ឃវត្តតាំងក្រសាំងខាងជើង នាឱកាសនេះ ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងបរិវេណវត្ត រួមមានរបងជុំវត្ត ផ្លូវបេតុង ដែលកំពុងកសាងមិនទាន់ហើយជាដើម ដែលជាសម្បត្តិក្នុងវិស័យព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិទៅតាមអានិសង្ឃរៀងៗខ្លួន។
កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។ បុណ្យកឋិនទាន ជាបុណ្យដែលទទួលបានអានិសង្ឃខ្ពស់ ពោលម្ចាស់ទានក៏ទទួលបានអានិសង្ឃ៥ ភិក្ខុជាបដិគ្គាហក: អ្នកទទួលក្រាលគ្រង ក៏ទទួលបានអនុមោទនាអានិសង្ឃបុណ្យ៥ផងដែរ៕