អាជ្ញាធរអេស្ប៉ាញរាយការណ៍ថាមនុស្សជាង ៥០នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗត្រឹមរយៈពេល២ថ្ងៃ
មនុស្ស ៥២នាក់ស្លាប់នៅភាគខាងកើតប្រទេសអេស្ប៉ាញ បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់និងឆក់យករថយន្ត ប្រែក្លាយផ្លូវថ្នល់ក្នុងភូមិទៅជាទឹកទន្លេ និងបានរំខានដល់សេវាផ្លូវរថភ្លើង និងផ្លូវហាយវេជាច្រើន។ សេវាសង្គ្រោះបន្ទាន់នៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Valencia បានបញ្ជាក់ពីចំនួនមនុស្សស្លាប់គឺ៥១នាក់កាលពីថ្ងៃពុធ និងអាចកើនជាបន្តបន្ទាប់។ ការិយាល័យរដ្ឋាភិបាលកណ្តាលសម្រាប់តំបន់ Castilla La Mancha បានបន្ថែមថា ស្ត្រីអាយុ៨៨ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទីក្រុង Cuenca ។ ព្យុះភ្លៀងកាលពីថ្ងៃអង្គារបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងផ្នែកដ៏ធំនៃភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអេស្ប៉ាញដែលលាតសន្ធឹងពី Malaga ទៅ Valencia ។ ទឹកជំនន់នេះមានពណ៌ដូចភក់បានបំប៉ើងនិងក្រឡាប់រថយន្តតាមផ្លូវក្នុងល្បឿនដ៏លឿន និងមានបំណែកឈើខ្ទាតយ៉ាងរប៉ាត់រប៉ាយផងដែរ។ ប៉ូលីស និងសេវាកម្មជួយសង្គ្រោះបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីលើកមនុស្សចេញពីផ្ទះរបស់ពួកគេ និងទូកកៅស៊ូជ័រដើម្បីទៅយកមនុស្សដែលជាប់នៅលើដំបូលរថយន្តរបស់ពួកគេ។ អាជ្ញាធរបានរាយការណ៍ថាមានមនុស្សបាត់ខ្លួនជាច្រើននាក់កាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែនៅព្រឹកបន្ទាប់មានសេចក្តីប្រកាសថាបានរកឃើញមនុស្សស្លាប់រាប់សិបនាក់ទៅវិញ។ ពេលនេះក្រុមទាហានជាង១០០០ នាក់មកពីអង្គភាពឆ្លើយតបគ្រាអាសន្នរបស់ប្រទេសអេស្ប៉ាញត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលបានបំផ្លិចបំផ្លាញដោយទឹកជំនន់នោះហើយ។ ចំណែកសេវាកម្មជួយសង្គ្រោះក៏កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅភាគខាងកើតពីផ្នែកផ្សេងទៀតនៃប្រទេសអេស្ប៉ាញដែរ ខណៈរដ្ឋាភិបាលកណ្តាលរបស់ប្រទេសអេស្ប៉ាញបានបង្កើតគណៈកម្មាធិការដោះស្រាយវិបត្តិមួយដើម្បីជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋរបស់ពួកគេឲ្យបានទាន់ពេលវេលា៕
សម្រួលអត្ថបទ៖ សុផារិន្ទ