ខ្យល់ព្យុះ Trami បានបន្តទៅវាយលុកកោះ Hainan របស់ប្រទេសចិន ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ដោយសារជំនន់ទឹកភ្លៀង

ថ្នាក់រៀនតាមសាលារៀននានាត្រូវផ្អាក ហើយអ្នកស្រុកជាច្រើនដែលជាប់គាំងតាមខ្នងផ្ទះក៏ត្រូវបានគេជម្លៀសចេញដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្ករឡើងដោយឥទ្ធិពលព្យុះទីហ្វុង Trami បានជះឥទ្ធិពលលើតំបន់ដីសគោកក្នុងខេត្តកោះហៃណាន ភាគខាងត្បូងបំផុតនៃប្រទេសចិន នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ។ មិនតែប៉ុណ្ណោះ CCTV បាននិយាយថា ទោះបីជាមានការប្រកាសពីការថមថយកម្លាំងជាផ្លូវការនៃខ្យល់ព្យុះទីហ្វុង Trami ក៏ដោយ ក៏ដែនកោះមួយនេះនៅតែកំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងដដែល ដែលបណ្តាលមកពីឥទ្ធិពលសំណល់នៃព្យុះនេះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ ចំណែកនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃខេត្ត ហៃណានទៀតសោតក៏មានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ដោយបានពន្លិចផ្លូវថ្នល់ជាច្រើនខ្សែដែរ។ យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់ត្រូវបានចល័តដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះដល់អ្នកស្រុកដែលជាប់នៅក្នុងទឹកនិងស្ថានភាពទឹកជំនន់កាន់តែកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ទៀតថា មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះធម្មជាតិដោយសារព្យុះចុងក្រោយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ