កិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និង វិស័យឯកជនកម្ពុជា កូរ៉េ

កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ មានកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារទេសចរណ៍កម្ពុជា កូរ៉េ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍  តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ 

រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕