រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចស្ថាបនាស្ពានបេតុងឆ្លងកាត់ប្រឡាយលីប៉ូ ប្រវែងបណ្តោយសរុបជាង២០ម៉ែត្រ ទទឹងស្ពាន១៦ម៉ែត្រ ជំម្រៅគ្រឹះ២៦បង្គោលក្នុងមួយជើងស្ពាន (សម្រេចបាន២៥%) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាស្ពានបេតុងថ្មី មាន៣ជើងតាង ប្រវែងបណ្តោយសរុបជាង២០ម៉ែត្រថ្មី ទទឹង១៦ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន២៥%) ប្រើប្រាស់សសរគ្រឹះជាង៧៥ដើម ស្ថិតក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ នៅលើកំណាត់ប្រឡាយ (លីប៉ូ) ដែលធ្វើប្រព័ន្ធលំហូរទឹកបានលឿន រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមកប់ស្រូវ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក  

១/តំបន់ ផ្សារអុីអន២ 

២/តំបន់បុរីអង្គរ

៣/តំបន់កាំកូលសុីធី

៤/តំបន់ទួលគោក ផ្លូវលេខ១៩៨៦ ផ្លូវលេខ៥៩៨ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ជាដើម ។ 

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធស្ពានបេតុងថ្មី ដ៏មានសារៈសំខាន់បំផុត សង្កាត់ស្វាយប៉ាក់ ប្រវែង២០ម៉ែត្រ បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន២៥%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។ 

ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌប្ញស្សីកែវ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានស្ពានថ្មីបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕