ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំគ្រូពេទ្យបម្រើការប្រចាំការ រថយន្តសង្រ្គោះបឋមឱ្យបានច្បាស់លាស់ និងរៀបចំផ្សព្វផ្សាយនូវគោលដៅនីមួយៗ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បែបនេះ នៅក្នុងគ្រាដែល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងតាមប្រព័ន្ធអនឡាញ Zoom ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្ដល់ អនុសាសន៍ដល់បុគ្គលិកសុខាភិបាលដែលមានភារកិច្ចទាំងអស់ ដែលត្រូវប្រចាំការនៅទីតាំង  និងកំណត់គោលដៅស្តង់គ្រូពេទ្យបម្រើការប្រចាំការ រថយន្តសង្រ្គោះបឋមឱ្យបានច្បាស់លាស់ និងរៀបចំផ្សព្វផ្សាយនូវគោលដៅនីមួយៗ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋទុកជាមុន ក្នុងករណីមានហានិភ័យផ្សេងៗ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំ ជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកម្ម ក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ។ ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ។ រូបសញ្ញាលើរថយន្តគិលានុសង្រ្គោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់បានដោយសាធារណជន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំដល់មន្រ្តីសុខាភិបាលប្រចាំការ សូមរៀបចំឱសថសារវន្តសម្រាប់ការប្រើប្រាស់ឱ្យបានលើសពីចំនួនដែលគ្រោងទុក និងរក្សាបានល្អ ទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយ ពេលត្រឡប់ទៅវិញ ក៏នៅតែជាឱសថមានគុណភាពត្រៀមយកប្រើបានគ្រប់ពេលវេលា។

ក្នុងអង្គប្រជុំនោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្ដល់គន្លឹះអនុសាសន៍សំខាន់ៗ ជូនដល់អង្គប្រជុំរួមមាន៖ ១) ការចូលរួមអនុវត្តក្នុងការងារ ២) របៀបជឿនលឿននៃការចាត់ចែងទៅលើការងារ ៣) ការផ្តល់ទម្ងន់ភាព និងការបង្កើនការទទួលស្គាល់ទៅលើលទ្ធផលការងារ ៤) ត្រូវមានគោលដៅ និងប្រើប្រាស់ឱ្យចំពេលវេលា ៥) ត្រូវមានការតាំងចិត្ត និងមោះមុតក្នុងការងារ ៦) ត្រូវមានការសម្រេចចិត្តច្បាស់លាស់ ៧) រក្សានិរន្តរភាពការងារ។ ចំណុចទាំង ៧នេះ ជាកត្តាបង្ហាញពីការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវិវត្តន៍លឿនទៅមុខមានវឌ្ឍនភាពខ្ពស់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក៕