គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩២,៩៤% ខណៈស្ពានខ្ពស់ជាងគេដែលស្ថិតនៅលើផ្លូវជាតិមួយនេះ សម្រេចបាន ៧៩%
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩២,៩៤% ហើយ។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងក្រុមការងារជំនាញគ្រប់ផ្នែកពាក់ព័ន្ធចូលរួមផងដែរ។
នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ ចំពោះស្ថានភាពផ្លូវ ចាប់ពីPK 0 (សំឡូត)-PK 60(ក្រពើពីរ)កៅស៊ូ ,ពីPK 60-PK 85 ក្រួសក្រហម ,ពីPK 85-PK 112(អូរសោម)កៅស៊ូ ,ពីPK 112 -PK 130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ),ពីPK 130-PK 160 កៅស៊ូ,PK 160 -PK 175 ក្រួសក្រហម និងពីPK 175-PK 198 (កោះកុង)កៅស៊ូ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ ចំពោះវឌ្ឍនភាពនៃគម្រោងផ្លូវជាតិមួយខ្សែនេះ មានដូចជា៖ ការងារស្ថាបនាផ្លូវថ្នល់, ការងារលូកាត់ទទឹងថ្នល់ និង លូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ សងខាងផ្លូវ ការងារសាងសង់ស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន៧៩%។គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ដែលគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕