ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកម្មពិធីប្រគល់សញ្ញាបត្រលើកទី៣៤ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាញឱសថសាស្ត្រ សរុបចំនួន ៤២៣នាក់ នៅសាកលវិទ្យាល័យ អន្តជាតិ
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី៣៤ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាញឱសថសាស្ត្រ សរុបចំនួន ៤២៣នាក់ ស្រី ៣៣៩នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ។
តាមសន្ទរកថាសង្ខេបរបស់ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តជាតិ បានជម្រាបជូនថា សាកលវិទ្យាល័យ អន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងមួយ ដែលបានបង្កើតឡើងក្រោមការផ្តួចផ្តើម និងការដឹកនាំ កសាងសមិទ្ធ ផលនានា ដោយឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ អតីត សាកលវិទ្យាធិការទី១ ឯកឧត្តមបណ្ឌិត សឿន សម្បត្តិ និងរូបខ្ញុំបាទផ្ទាល់ ហើយបានទទួលស្គាល់ជាផ្លូវការតាមរយៈ អនុក្រឹត្យលេខ១២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០០២ ដែលជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលវិស័យសុខាភិបាល ដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តម បានជម្រាបជូនបន្តថា ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ អន្តរជាតិ បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងក្នុងវិស័យសុខាភិបាល និងក្រៅពីវិស័យសុខាភិបាល រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ធនធានអគារសិក្សា ដែលបានបំពាក់ឧបករណ៍បច្ចេកទេស និងឧបករណ៍សម្ភារៈសម្រាប់ការពិសោធន៍ ស្របទៅតាមកម្មវិធីសិក្សា ព្រមទាំងទៅតាមការវិវត្តបច្ចេកទេសរបស់ពិភព លោក ដែលបម្រើឱ្យការអប់រំការបណ្តុះបណ្តាល និងការ ស្រាវជ្រាវនៅសាកលវិទ្យាល័យ អន្តរជាតិ ផ្ទាល់តែម្តង។
នៅក្នុងឱកាសនេះ ឯកឧត្តម បានជម្រាបជូនបន្តទៀតថា ដំណាក់កាលបន្ទាប់ ក្នុងអាណត្តិ៧នេះ សាកលវិទ្យាល័យអន្តរជាតិ បាននិងកំពុង កសាងអគារសិក្សាថ្មីកំពស់ ១១ជាន់ ខាងមុខ សាកលវិទ្យាល័យ អន្តរជាតិទីតាំងគោល អគារខេត្តសៀមរាប ខេត្តព្រះសីហនុ។ រីឯកត្តាធនធានសាស្ត្រាចារ្យ សាកលវិទ្យា ល័យ អន្តរជាតិ មានបណ្ឌិតសភាចារ្យ ចំនួន ៨នាក់ សាស្ត្រាចារ្យមហាបរិញ្ញាចំនួន ២១នាក់ សាស្ត្រាចារ្យរងចំនួន ១០នាក់ សាស្ត្រាចារ្យជំនួយចំនួន ៧៥នាក់ និងគណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ សរុបចំនួន៥០៨នាក់ (ស្រី១៥២នាក់)។ ម្យ៉ាងវិញទៀត ធនធានសិក្សាត្រូវបានបំពាក់សម្ភារៈសិក្សាទំនើបៗស្របតាមកម្មវិធីជាតិ ក្នុងការបណ្តុះបណ្តាលនិស្សិតវិស័យសុខាភិ បាលនិង វិស័យស្ទែម (STEM)។ ជាពិសេសជាងនេះទៅ ទៀតនោះ អត្រានិស្សិត សិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន មានដូចជា៖ – និស្សិតកំពុងសិក្សាចំនួន ៥១៥៦នាក់ ស្រី ៣០៩៥នាក់។
– និស្សិតបញ្ចប់ការសិក្សាចំនួន១៣៤១១នាក់ ស្រី ៦៧៦២នាក់។
និស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ ដែលកំពុងសិក្សានិងបានបញ្ចប់ការសិក្សា ត្រូវបានទីផ្សារការងារទទួលយក ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន សម្រាប់និស្សិតមានការងារមានចំនួន ៧៦ភាគរយ និងនិស្សិត ប្រកបមុខរបរខ្លួនឯងមានចំនួន ២៤ភាគរយ និងនិស្សិតដែលធ្វើការត្រូវជំនាញមានចំនួន៨៦ ភាគរយ និងមិនត្រូវជំនាញ ១៤ភាគរយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា និងវាយតម្លៃខ្ពស់ជូនដល់ថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានចូលរួមអភិវឌ្ឍ ចូលរួមបណ្តុះបណ្តាល និងទ្រទ្រង់ដើម្បីឱ្យគ្រឹះស្ថានបណ្តុះបណ្តាល ឯកជនមួយនេះ បន្តនិរន្តរ ភាពរបស់ខ្លួន ប្រកបដោយភាពរីកចម្រើនតទៅថ្ងៃអនាគតជាបន្តទៀត។ ក្នុងនាមខ្លួនខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូប ដែលមានសញ្ជាតិខ្មែរពីកំណើត ខ្ញុំពិតជាមានមោទនភាព យ៉ាងក្រៃលែង ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ហើយម៉្យាងវិញទៀតដើម្បីឱ្យប្រទេសមានការរីកចម្រើនខ្លាំងជាបន្តទៅមុខទៀតនោះ ដាច់ខាតនិងចាំបាច់បំផុតនោះ ត្រូវមានការចូលរួមចំណែកផ្តើមចេញពីវិស័យឯកជន ដែលជាផ្នែកមួយដែលមានសារៈសំខាន់ និងមិនអាចកាត់ផ្តាច់បានក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា។ ឯកឧត្តមបណ្ឌិត សភាចារ្យ បានមានប្រសាសន៍លើកឡើងថា ជាការពិតណាស់ អ្វីៗដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការលះបង់ ទាំងកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ននេះ ដែលសម្តេចតេជោ បានដឹកនាំ និងកសាងសន្តិភាព ជូនប្រទេសកម្ពុជា ប្រកបដោយបញ្ញាញាណឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងនោះតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានបង្ក លក្ខណៈងាយស្រួលដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង និងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិ គឺ ធនធានមនុស្សនេះឯង។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពីបញ្ចប់ការសិក្សានេះទៅ សូមក្មួយៗ ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សារួចមកហើយទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ ក្នុងន័យនេះ ខ្ញុំសូមឲ្យក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជាដែលមានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ សង្គមជាតិ និងពិភពលោកផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញប្រគល់សញ្ញាបត្រ លើកទី៣៤ ជានិម្មិតរូបជូនដល់និស្សិតជ័យលាភី តំណាងឲ្យនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាញឱសថសាស្ត្រ សរុបចំនួន ៤២៣នាក់ ស្រី ៣៣៩នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ៕