ជម្លោះបង្កើតសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុម Hezbollah នៅលើទឹកដីលីបង់ត្រឹមតែរយៈពេលជាង១ខែនេះសម្លាប់ជនស៊ីវិល ៣០០២នាក់ ជាង១៣ពាន់នាក់រងរបួស
ក្រសួងសុខាភិបាលលីបង់បាននិយាយថាចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល-ក្រុម Hezbollah កាលពីខែតុលាកន្លងទៅបានកើនឡើងដល់ ៣០០២ នាក់ហើយជាមួយនឹងចំនួនមនុស្សរងរបួសកើនឡើងដល់១៣៤៩២នាក់។ នៅថ្ងៃដដែលនោះដែរ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់(IDF) បានអះអាងថាពួកគេបានសម្លាប់មេបញ្ជាការ Hezbollah ២នាក់ រួមទាំងលោក Riad Rida Ghazzawi ដែលជាឥស្សរជនជាន់ខ្ពស់ជាអ្នកបញ្ជារប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះរបស់កងកម្លាំង Hezbollah Radwan ។
លើសពីនេះ IDF បានបញ្ជាក់ថា ខ្លួនបានសម្លាប់មេបញ្ជាការ Hezbollah ដែលទទួលខុសត្រូវចំពោះការចែកចាយអាវុធ និងការជ្រើសរើសបុគ្គលិក អំឡុងពេលប្រតិបត្តិការដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា Hezbollah ក្នុងប្រទេសលីបង់ដែរ។
មកដល់ថ្ងៃនេះ ក្រុម Hezbollah មិនបានឆ្លើយតបនឹងរឿងនេះទេ។ ប៉ុន្តែ IDF បានបន្តប្រតិបត្តិការរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ ដោយអះអាងថាពួកគេបានកំណត់ទីតាំង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំងផ្ទុកអាវុធ និងមីស៊ីលរបស់ក្រុម Hezbollah រួចហើយ ខណៈដែលពួកគេបានវាយប្រហារគ្រាប់រ៉ុក្កែតរបស់ Hezbollah រួចដែរ។ ប៉ុន្តែក្រុមនេះបានអះអាងថាសកម្មភាពរបស់ខ្លួនគឺធ្វើឡើងសើម្បីគាំទ្រយ៉ាងម៉ឺងម៉ាត់និងការពារចំពោះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបស្របពេលពួកគេត្រូវតែការពារប្រទេសលីបង់ និងពលរដ្ឋរបស់លីបង់ ប៉ុន្តែសម្រាប់អ៊ីស្រាអែលវិញលីបង់ត្រូវបានក្រុម Hezbollah ធ្វើជាជម្រកលាក់ខ្លួន ហើយមុនពេលវាយប្រហារម្តងៗ អ៊ីស្រាអែលក៏បានជូនដំណឹងដល់ពលរដ្ឋលីបង់ឲ្យភៀសខ្លួនដែរ។ សូមបញ្ជាក់ថាការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា មិនមែនទើបតែចាប់ទេផ្តើម គឺកើតយូរហើយ អូសបន្លាយខ្លាំងតាំងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៣មកនៅពេលដែលក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបង្កឱ្យអ៊ីស្រាអែលត្រូវតែសងសឹក និងវាយប្រហារតាមអាកាសនៅភាគអាគ្នេយ៍លីបង់។ និងចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា២០២៤មកកងទ័ពអ៊ីស្រាអែលបានបង្កើនវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងក្រុម Hezbollah នៅទូទាំងប្រទេសលីបង់ ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងជម្លៀសប្រជាជនចេញពីតំបន់ជាច្រើនពាន់នាក់៕
សម្រួលអត្ថបទ៖ សុផារិន្ទ