ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល
ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល ដោយសារតែការកើនឡើងនូវចំនួនករណីថ្មី និងអត្រាមរណភាពដោយសារជំងឺនេះ ក៏មានការកើនឡើង ក្នុងនោះកត្តាជីវសាស្ត្រ និងវិទ្យាសាស្ត្រ ដែលនាំឱ្យមានការកើនឡើងនូវការ សង្ឃឹមរស់របស់មនុស្ស បានកាន់តែយូរនាំឱ្យជំងឺមិនឆ្លងរ៉ាំរ៉ៃវាយលុកក៏កាន់តែកើនដែរ។ ការគូស បញ្ជាក់របស់ឯកឧត្តម ហ៊ុន ចំរើន ដូចនេះធ្វើឡើងនាពិធីបិទសិក្ខាសាលា ពិគ្រោះយោបល់លើ
សេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅសណ្ឋាគារភ្នំពេញ កាល ពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមទីប្រឹក្សាបានលើកឡើងថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវ នឹងរួមចំណែកដើម្បីឈាន ទៅសម្រេចនូវគោលដៅនេះ ដោយឯកឧត្តមបានលើកឡើងថា ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយ នឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាននូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់បន្ថែមថា បើនិយាយនៅពេលបច្ចុប្បន្ននេះ ឮតែ មានអ្នកវែកញែកទាំងក្នុងវិស័យសុខាភិបាលក្ដី ទាំងក្រៅពីវិស័យ សុខាភិបាលក្ដីដូចជាជំងឺមហារីកថ្លើម ក្រពះ និង មហារីកខួរក្បាល និងជំងឺមហារីកប្រភេទផ្សេងៗទៀត ពួកគាត់មានការជជែកគ្នាតែអំពីភាពស្មុគស្មាញ នៃស្ថានភាពជំងឺថា ឲ្យតែមានជំងឺមហារីក គឺគិតថា តែសេចក្តីស្លាប់។ តែធាតុពិតគឺវាមាន តាម ប្រភេទនិងដំណាក់កាល របស់ជំងឺទេ ដែលយើងត្រូវ ព្យាបាលវានោះ។
បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាលបានឱ្យដឹងថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់។ ដោយឡែកនៅប្រទេសកម្ពុជាជំងឺមិនឆ្លងកំពុងតែកើនឡើង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុ នៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។ ជំងឺមហារីកថ្លើម បានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត៕