តើលោក Donald Trump ឬ  លោកស្រី Kamala Harris? ជាអ្នកឈ្នះឆ្នោត ខណៈពលរដ្ឋនិងក្រុមសហគមន៍ឃ្លាំមើលលទ្ធប្រជាធិបតេយ្យអាម៉េរិកកំពុងតាមដានការផ្សាយផ្ទាល់និងរង់ចាំលទ្ធផល

រដ្ឋជាងពាក់កណ្តាលនៅទូទាំងប្រទេសបានបិទការស្ថានីយ៍បោះឆ្នោតរបស់ខ្លួនខណៈដែលអ្នកបោះឆ្នោតជាម្ចាស់ឆ្នោត ជាប្រជាពលរដ្ឋអាមេរិកកាំងកំពុងទន្ទឹងរង់ចាំមើលលទ្ធផលជាបណ្តើរៗថាតើលោក Donald Trump ឬ លោកស្រីអនុប្រធានាធិបតី Kamala Harris នឹងឈ្នះការបោះឆ្នោតតំណែងប្រធានាធិបតីទិ៤៧ ឆ្នាំ ២០២៤នេះ? ក្នុងនោះដែរក៏មាន LUPE Votes ដែលមានន័យថាសម្រាប់វណ្ណៈកម្មករ និងអង្គការតស៊ូមតិជនអន្តោប្រវេសន៍នៅរដ្ឋតិចសាស់ភាគខាងត្បូង បានរៀបចំពិធីជប់លៀងនាពេលល្ងាចនេះ ម៉ោងនៅអាម៉េរិក ដើម្បីតាមដានិងឃ្លាំមើលពីសហគមន៍នៅ San Juan ក្នុងរដ្ឋតិចសាស់។  មិនតែប៉ុណ្ណោះមានទាំងក្រុមតន្រ្តីករ mariachi បានប្រគុំតន្ត្រីយ៉ាងរស់រវើក ដើម្បីត្រៀមអបអរចំពោះបេក្ខជនដែលពួកគេពេញចិត្ត នៅពេលដែលអ្នកបោះឆ្នោតបានប្រមូលផ្តុំគ្នានៅឯពិធីជប់លៀងទស្សនាការផ្សាយផ្ទាល់ផង  ដោយក្តីរីករាយជាមួយអាហារបែបប្រពៃណីផង។  រហូតមកដល់ពេលនេះ មានការភ្ញាក់ផ្អើលតិចតួចនៅក្នុងលទ្ធផលបឋម ដោយសារតែការបោះឆ្នោតនៅទូទាំងប្រទេសបានបិទទ្វារហើយ ហើយលោក Trump ក៏បានចេញវីដេអូអះអាងថានឹងឈ្នះទ្រង់ទ្រាយធំដែរ។ ជាការពិតតាមការស្ទង់មតិភាគច្រើន គឺលោក Trump បានឈ្នះរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក មានដូចជា Florida, Alabama, Mississippi និង Texas ខណៈដែលលោកស្រី Harris បានឈ្នះសម្លេងក្នុងរដ្ឋ New England និងភាគឦសានប្រទេស រួមមានរដ្ឋ New Jersey និង New York ជាដើម៕  សម្រួលអត្ថបទ៖​សុផារិន្ទ