ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុី(ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) និងបានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌេនសុីធី(Garden City Hotel) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំត្រីភាគី និងពិធីបិទលំហាត់សមយុទ្ធនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២៩២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី(កម្ពុជា ឡាវ វៀតណាម) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។ 

ចំពោះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអន្តរជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។ 

កិច្ចប្រជុំការងារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។