ឯកឧត្តម ថោង រដ្ឋសក្តិ ៖ អបអរសាទរ បេក្ខភាព ដែលបានជាប់ឆ្នោត សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៨ ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាទូកក្ដោង ពិភពលោក ជាពិសេសនៅកម្ពុជា

ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានចិន្ត្រៃយ៍ សហព័ន្ធទូកក្ដោងកម្ពុជា (ស.ទ.ក) បានចូលរួម មហាសន្និបាតទូកក្ដោង ពិភពលោកឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយមានការចូលរួមចំនួន៨៩ប្រទេស និងបានបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡា ទូកក្ដោងពិភពលោក ចំនួន១រូប និង អនុប្រធានចំនួន ៧រូប ដែលបានប្រព្រឹត្តទៅនៅ សាធារណរដ្ឋ សិង្ហបុរី តំណាងឲ្យ (ស.ទ.ក)។ 

ឯកឧត្តម ថោង រដ្ឋសក្តិ បានចូលរួមអបអរសាទរ ចំពោះបេក្ខភាព ដែលបានជាប់ឆ្នោត សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៨ ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាទូកក្ដោងពិភពលោក ជាពិសេសនៅកម្ពុជា ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម÷ 

១. លោក Quanhai Li  (China) ប្រធាន

២. លោកស្រី Cory Sertl  (U.S.A)  អនុប្រធាន

៣. លោក Tomasz Chamera (Poland)  អនុប្រធាន

៤. លោកស្រី Beatriz Gonzalez Luna (Mexico) អនុប្រធាន

៥. លោក Josep Pla (Andorra) អនុប្រធាន

៦. កញ្ញា Line Makert (Denmark) អនុប្រធាន

៧. លោក Daniel Belcher (Australia)   អនុប្រធាន

៨. លោកស្រី Duriye Ozlem Akurak (Turkey) អនុប្រធាន 

ទន្ទឹមនឹងនេះ នៅក្នុងមហាសន្និបាត ប្រចាំឆ្នាំ របស់សហព័ន្ធកីឡា ទូកក្តោងអាស៊ី ដែលមានការចូលរួមចំនួន៣២ប្រទេស អង្គសន្និបាត ក៏បានបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការ សកម្មភាពរយៈពេលខ្លី រួមទាំងបាន ឯកភាពគ្នាលើប្រភេទកីឡា ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីលើកទី២០ នៅទីក្រុង Aichi – Nagoya ប្រទេសជប៉ុន ឆ្នាំ២០២៦ ហើយកម្ពុជា គ្រោងបញ្ជូនអត្តពលិកទូកក្ដោង ចំនួន៤រូបចូលរូម។  

ឯកឧត្តម ថោង រដ្ឋសក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជាកន្លងមក។ បន្ថែមទៀតនោះ លោក ក៏បានរាយការណ៍ពីភាពជោគជ័យ ក្នុងការរៀចំ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្នុងនេះក៏មាន ប្រភេទកីឡាទូកក្តោងផងដែរ ដែលកម្ពុជាបានរៀបចំ កាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 កម្ពុជា ក៏បានត្រៀមលក្ខណៈ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ ជាចុងក្រោយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ក៏បានទទួលបណ័្ណ សរសើរលើ “ជំហរល្អសម្រាប់ ឆ្នាំ២០២៤” ពីសហព័ន្ធកីឡា ទូកក្តោងអាស៊ីផងដែរ ៕