ទុក្ខជាន់ទុក្ខ! អេស្ប៉ាញរងទឹកជំនន់ភ្លាមៗសម្លាប់មនុស្ស២២២នាក់-បាត់ខ្លួន៤១នាក់ មិនបាន១អាទិត្យផង ឥឡូវត្រូវគេព្យាករណ៍ថានឹងទទួលខ្យល់ត្រជាក់ខ្លាំងពីអឺរ៉ុបនៅប៉ុន្មានថ្ងៃខាងមុខទៀត
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងមនុស្សកាលពីថ្ងៃអាទិត្យនេះ ទោះបីពួកគេគឺជាជនរងគ្រោះនៅរស់រានមានជីវិត ឬ បាត់បង់ជីវិតដោយសារទឹកជំនន់ភ្លាមៗនៅភាគខាងកើតប្រទេសអេស្ប៉ាញដែលបានពន្លិចសហគមន៍ទាំងមូល និងបានសម្លាប់មនុស្សរាប់សិបនាក់ក៏ដោយ។ ទឹកជំនន់បានបន្សល់ទុកនូវស្ថានភាពដ៏បំផ្លិចបំផ្លាញ ជាពិសេសនៅទីក្រុង Valencia ដែលជាតំបន់រងគ្រោះខ្លាំងជាងគេនៅក្នុងប្រទេស។ ការស្វែងរកមនុស្សស្លាប់ និងមនុស្សបាត់ខ្លួនបាននឹងកំពុងបន្តជាងមួយសប្តាហ៍ ចាប់តាំងពីទឹកជំនន់បានវាយប្រហារពួកគេកាលពីថ្ងៃទី២៩ ខែតុលា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសម្អាត និងការសង្គ្រោះដ៏ធំធេង។ សេវាកម្មផ្តល់ព័ត៌មានតាមវិទ្យុនិងទូរទស្សន៍អេស្ប៉ាញ RTVE នៅតែធ្វើបច្ចុប្បន្នភាពតួលេខជាផ្លូវការពីរដ្ឋបាលក្នុងតំបន់ Valencian និងបន្តធ្វើបច្ចុប្បន្នភាពនូវចំនួនជនរងគ្រោះសរុបដល់ ២២២នាក់ជាមួយនឹង៤១នាក់បាត់ខ្លួននៅក្នុងខេត្ត Valencia នោះដដែល។ ទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសអេស្ប៉ាញ AEMET បានចេញសេចក្តីជូនដំណឹងមួយថា ខ្យល់ត្រជាក់ខ្លាំងពីអឺរ៉ុបខាងជើងក៏អាចនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដែរ ដែលវាអាចបង្កើតបាននូវរលក DANA ថ្មីមួយ ដែលជាពាក្យកាត់សម្រាប់ប្រព័ន្ធព្យុះសម្ពាធទាបដែលធ្វើពលរដ្ឋចំណាកស្រុកពីកម្រិតមិនធម្មតាជាងមុន វាមកទាំងរលកខ្យល់ និងបំភាយដល់ប្រភេទយន្តហោះឲ្យជាប់គាំងថែមទៀតផង។ រដ្ឋាភិបាលកណ្តាលបានអនុម័តកញ្ចប់ជំនួយចំនួន ១០.៦ ប៊ីលានអឺរ៉ូ ស្មើនឹង១១.៦ ប៊ីលានដុល្លារអាម៉េរិក សម្រាប់ស្តារគ្រួសារប្រជាជនក្នុងតំបន់ឡើងវិញ ស្តារអាជីវកម្ម និងទីប្រជុំជនជាច្រើនទៀតដែរ។ ចំណែករដ្ឋបាលក្នុងតំបន់ Valencia កំពុងស្នើសុំឱ្យអាជ្ញាធរ Madrid ផ្តល់ជំនួយបន្ថែមចំនួន ៣១ ប៊ីលានអឺរ៉ូស្មើនឹង ៣៣ប៊ីលានដុល្លារអាម៉េរិកផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ