អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា លើកទឹកចិត្តកីឡាករប្រណាំងទូកង ត្រៀមអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តដល់កីឡាករប្រណាំងទូក ត្រៀមអុំប្រណាំងថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មុខព្រះបរមរាជវាំង ។អញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់ជូននូវអំណោយសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកា ដល់កីឡាករអុំទូក ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក និងកោតសរសើរដល់គណៈកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត រហូតឈានដល់ការអុំប្រណាំងថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមុខព្រះបរមរាជវាំង រយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ 

ឯកឧត្តម បានផ្ដាំផ្ញើដល់កីឡាករចំណុះទូកទាំងអស់ បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត និងសូមឲ្យកីឡាករទាំងអស់រក្សាអនាម័យឲ្យបានល្អ ពិសេសគឺផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីមានសុខភាពល្អ ពិសេសត្រូវគោរពនៅវិន័យឲ្យបានខ្ជាប់ខ្ជួនក្នុងព្រះរាជពិធី ដើម្បីទទួលយកជ័យជំនះក្នុងការអុំប្រណាំង។ 

ក្នុងពិធីសំណេះសំណាល ឯកឧត្តម សរ សុពុត្រា បានជួបជាមួយនឹងកីឡាករទូក រួមមាន៖ 

*១៖ ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ ទូករបស់សាលាខេត្តស្ទឹងត្រែង ប្រភេទទូកអុំបុរស ចំណុះ ៧៧នាក់ បម្រុង ២៣នាក់ សរុបកីឡាករ ១០០ នាក់

*២៖ មហាសែនតេជៈកងចក្រស្ទឹងត្រែង ទូករបស់សាលាខេត្តស្ទឹងត្រែង ប្រភេទទូកអំបុរស ចំណុះ ៧៧នាក់ បម្រុង ២៣នាក់ សរុបកីឡាករ ១០០នាក់ 

សម្រាប់ក្រុមកីឡាករអុំទូក មកពីខេត្តស្ទឹងត្រែង ពួក​គេ​សុទ្ធតែលើកឡើងពីការហ្វឹកហាត់យ៉ាងខ្លាំងក្លា មុនមកដល់ថ្ងៃនេះ ហើយ​ពួកគេសុទ្ធតែមានភាពជឿជាក់ក្នុងការដណ្ដើមយកជ័យលាភី ជូនខេត្តរបស់ខ្លួន ទាំងការ​ប្រកួត​ថ្នាក់​រាជធានីភ្នំពេញ ក៏ដូចជាការប្រកួតថ្នាក់ជាតិ នេះក៏ដោយសារការគិតគូរយកចិត្តទុកដាក់ពី ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈភិបាលខេត្តស្ទឹងត្រែង ។ 

សូមជម្រាបជូនថា សម្ភារ និងគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភទូក-ង ចំនួន២ របស់ខេត្តស្ទឹងត្រែង៖ ទឹកសុទ្ធ៖ ១០០កេស, ភេសជ្ជៈ (វើក) ៤០កេស, អង្ករ៖ ២០០គក, មីកញ្ចប់ ៤កេសធំ , ឯកសណ្ឋានកីឡាករអុំទូក ៦០០សម្រាប់(អាវ មួក និងខោ) ព្រមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត។