ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសម្ពោធអគារសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា ២០២៣- ២០២៤ របស់សាលាអន្តរជាតិ អែស អេ អាយ (សឹង្ហបុរី) ខេត្តព្រះសីហនុ
ព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធអគារសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ ២០២៣- ២០២៤ របស់សាលាអន្តរជាតិ អែស អេ អាយ សឹង្ហបុរី ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះ សីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូង សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះគណៈគ្រប់ គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសាលាអន្តរជាតិអែស អេ អាយ (សឹង្ហបុរី) បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងធនធានចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សីដ៏ល្អប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ពិធីសម្ពោធអគារសិក្សាថ្មីនាពេលនេះ ជាសក្ខីភាពបង្ហាញឪ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគលើវិស័យអប់រំ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតដ៏របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត» ព្រម ទាំងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា រាជរដ្ឋាភិ បាល កម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ គឺ១.ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ២.ការលើកកម្ពស់គុណភាពអប់រំ ៣.ការលើកកម្ពស់សុខភាពសេវាសុខាភិបាល ៤.ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង៥.ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ តាមរយៈក្រសួងអប់រំ យុវជននិងកីឡាបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាតាមរយៈវិធានការចំនួន៤ ទី១.ការពង្រឹងអភិបាល កិច្ច ទី២.ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ទី៤.ការជំរុញលើកទឹកចិត្តចូលរួមរបស់មាតាបិតា អ្នកអាណា ព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហ គមន៍ ដើម្បីការអប់រំ»។ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវ ជនឱ្យមានសក្ដានុពលខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងចូលរួមកសាងសង្គមជាតិមួយដ៏ទំនើបរស់រវើក មានសុវត្ថិ ភាព បរិស្ថានរស់នៅល្អប្រសើរប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំរស់នៅក្នុងឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា អាកំបាំងនៃភាពជោគជ័យ គឺការខិតខំសិក្សា ព្យាយាមរៀនសូត្រ និងការស្វែង យល់ពីមេរៀនថ្មីៗបន្ថែមទៀត ទើបយើងអាចឈានឆ្ពោះទៅរកភាពជោគជ័យរបស់ក្មួយៗ ហើយភាពខ្ជិលច្រអូស ជា ដើមហេតុនូវភាពបរាជ័យ ព្រមទាំងបានធ្វើការអំពាវនាវដល់ក្មួយៗត្រូវថែទាំសុខភាព ចៀសឱ្យឆ្ងាយពីគ្រឿងញៀនសារធាតុញៀនផ្សេងៗ ជាមួយគ្នានេះត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹង ពេលបើកបរដោយត្រូវគោរពតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដើម្បីក្លាយខ្លួនជាយុវជនល្អ ពលរដ្ឋល្អ មន្ត្រីរាជការ ល្អ បុគ្គលិកល្អនាពេលអនាគតប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ក្នុងបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លថ្លៃថ្លានៃយើង។