ឯកឧត្តម ឈិន កេតនា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបួងសួងសុំសេចក្តីសុខចម្រើន សម្រាប់ព្រះរាជពិធីបុណ្យអុំទូក នៅបរិវេណទីសក្ការៈព្រះអង្គដង្កើ មុខព្រះបរមរាជវាំង
ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចម្រើន នៅបរិវេណទីសក្ការៈព្រះអង្គដង្កើ មុខព្រះបរមរាជវាំង ដើម្បីបួងសួងសុំឲដំណើរការនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅដោយទទួលបាននូវភាពជោគជ័យ និងអធិកអធមជាទីបំផុត។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាចើ្រនរូបទៀត ។
ក្រោមម្លប់នៃសុខសន្តិភាព ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបានដោយជោគជ័យ និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ។ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឲ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ រៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធមជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ មានប្រសាសន៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ១៤-១៥-និង១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងនោះទូកង ទូកមួង និងចំនួនកីឡាករ តាមក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ទទួលបានមានចំនួនសរុប ៣៤៨ទូក និងសរុបកីឡាករ កីឡាការនីចំនួន ២២.០៤២ នាក់ ( ពីរម៉ឺនពីរពាន់សែសិបពីរ ) ព្រមទាំងប្រទីបចំនួន៣៦ ដែលនឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ។