លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាចំណេះទូទៅឯកជនបុរីវិជ្ជា បានចូលទស្សនាស្វែងយល់នៅសារមន្ទីរ
ដោយមានសំណើសុំកិច្ចសហការរវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងសាលាចំណេះទូទៅឯកជនបុរីវិជ្ជា នៅព្រឹកថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សានៃសាលាចំណេះទូទៅឯកជនបុរីវិជ្ជា បានដឹកនាំសិស្សានុសិស្សចូលរួមទស្សនាសិក្សាស្វែងយល់ពីមរតកវប្បធម៌ខ្មែរ ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង។
សារមន្ទីរខេត្តកំពង់ឆ្នាំង ជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។សូមជម្រាបថាសារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអក្បាច់ជ្វាដងក្តារ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។
សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្តដែលស្ថិតនៅចំពីមុខសួនកុមារនៃសាលាខេត្តកំពង់ឆ្នាំង ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិ ទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយចំណាយថវិកាជាតិអស់ចំនួន ៨១,៣៦២.០៣ ដុល្លារអាមេរិក។ មុនបង្កើតសារមន្ទីរនេះ រាល់សមុច្ច័យទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យបេតិកភណ្ឌ។សារមន្ទីរមានតាំងវត្ថុសិល្បៈអំពីថ្ម ជាផ្តែរទ្វារ សិលាចារឹក សសរពេជ្រ និងវត្ថុមួយចំនួន ដែលទើបបានមកពីការសិក្សាស្រាវជ្រាវរបស់ក្រុម (NARA) នៅលើទីតាំងវត្តបឹងខ្នារ ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ដែលវត្ថុទាំងនោះជារបស់ទាក់ទងទៅនឹងជាតិពិន្ទុវិទ្យា៕