គណៈប្រតិភូខេត្តស៊ីអាន ប្រទេសចិន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការជម្រុញផ្សព្វផ្សាយអំពីវប្បធម៍ បេតិកភណ្ឌ និងទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា ចិន អោយបានកាន់តែទូលំទូលាយដើម្បីអោយប្រជាជនបានស្គាល់គ្នាកាន់តែច្បាស់ និងសុីជម្រៅបន្ថែមទៀត,
ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូខេត្តស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Hui អនុប្រធានមន្ទីរឃោសនាការខេត្តស៊ីអាន បានបញ្ជាក់ពីគោលបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃវិស័យចរណ៍ និងវិស័យវប្បធម៍ដ៏សម្បូរណ៍បែបនៃប្រទេសទាំងពីរ ចិន កម្ពុជា ទៅកាន់ពិភពលោកបានឃើញ បានស្គាល់កាន់តែច្បាស់បន្ថែមទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តស៊ីអាន ប្រទរសចិន មកកម្ពុជា ដើម្បីធ្វើកិច្ចសហការលើកិច្ចការងារផ្សព្វផ្សាយពីវិស័យទេសចរណ៍ តំបន់វប្បធម៍ បេតិកភណ្ឌពិភពលោក ប្រាសាទអង្គរវត្ត ពិសេសធ្វើអោយប្រជាជនកម្ពុជា បានស្គាល់ពីជីវភាពរស់នៅ និងប្រពៃណីវប្បធម៍របស់ប្រជាជនក្នុងខេត្តស៊ីអាន ហើយប្រជាជនក្នុងខេត្តស៊ីអាន ក៏បានស្គាល់ពីប្រជាជនកម្ពុជាវិញផងដែរ តាមរយៈការផ្សព្វផ្សាយ ។
គម្រោងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងសម្របពេល «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលបានឆ្លុះបញ្ជាំងទំនាក់ទំនងមិត្តភាពរវាងមិត្តចិន និងកម្ពុជា មានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ប្រែក្លាយជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងបានកសាង “សហគមន៍ជោគវាសនារួម ចិន-កម្ពុជា” ៕