ភ្ញៀវទេសចរជិត ៥ម៉ឺននាក់បានមកលេងកម្សាន្តខេត្តកំពត ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក

មន្ត្រីជំនាញបានបញ្ជាក់ថា ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតមានភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺន ៨ពាន់នាក់ ក្នុងនោះទេសចរអន្តរជាតិជាង ៦រយនាក់ ខណៈថ្ងៃឈប់សម្រាកទី១ មានភ្ញៀវទេសចរជាង ២ម៉ឺននាក់។ រយៈពេលពីរថ្ងៃកន្លងមកនេះមិនមានបាតុភាពអ្វីកើតឡើងទេ ទេសចរនិងប្រជាពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែង។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ថ្ងៃឈប់សម្រាកទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរសរុប ៤៨ ១១២នាក់ ក្នុងនោះ ទេសចរអន្តរជាតិ ៦៩៧នាក់។ ហើយចំពោះស្ថានភាពទូទៅនៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៍ទេសចរណ៍ គឺប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ។លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង ទាំងនៅតាមតំបន់រមណីយដ្ឋាន និងនៅតាមទីវត្តអារាម ព្រោះអាជ្ញាធរមានការរៀបចំបានល្អ ទាំងសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ សក្តិសមជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ លោកបានបន្ថែមថា គោលដៅទេសចរណ៍ក្នុងក្រុងកំពត ពិសេសតំបន់ឆ្នេរ សួនច្បារ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំ នៅតែជាគោលដៅទាក់ទាញខ្លាំងជាងគេដែលមានភ្ញៀវមកលេងច្រើន។តាមការបញ្ជាក់របស់មន្ត្រីជំនាញថា នៅថ្ងៃទី១៥ ខែធ្នូ ដែលជាថ្ងៃទី២ នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សេវាស្នាក់នៅក្នុងខេត្តត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងអស់ នៅសល់តែផ្ទះសំណាក់មួយចំនួនដែលនៅជាយក្រុងប៉ុណ្ណោះ ហើយបើតាមសន្ទុះនៃការកក់បន្ទប់ និងស្ថានភាពជាក់ស្តែងនៅថ្ងៃទី៣នេះ ភ្ញៀវទេចរអាចនឹងមានការកើនឡើងច្រើនជាងម្សិលមិញ ព្រោះបុណ្យអុំទូកឆ្នាំនេះគឺមានថ្ងៃឈប់សម្រាកយូរ៕អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត