គណៈប្រតិភូអញ្ជើញមកដល់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កម្ពុជាបានត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ កិច្ចប្រជុំអន្តរជាតិនេះ មានរយៈពេលចំនួន ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel Angkor។វេលាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា គណៈប្រតិភូដែលជាសមាជិកអង្គការ IDC-CDI និងអង្គការ ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញដល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាបន្តបន្ទាប់។ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សរុបប្រមាណ ៨០រូប ដែលមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ មានអ៊ីរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ជាពិសេសគណបក្សធំៗដោយមានកៅអីក្នុងរដ្ឋសភា។សូមបញ្ជាក់ជូនថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI បានបញ្ចប់ គណៈប្រតិភូពាក់ព័ន្ធនឹងអញ្ជើញបន្តចូលរួមកិច្ចប្រជុំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕