ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ការហ្វឹកហ្វឺន គឺជាការងារសំខាន់ ចាំបាច់ និងមិនអាចខ្វះបានក្នុងកិច្ចការ ការពារជាតិ និងសន្តិសុខ
ការហ្វឹកហ្វឺន គឺជាការងារសំខាន់ ចាំបាច់ និងមិនអាចខ្វះបានក្នុងកិច្ចការ ការពារជាតិ និងសន្តិសុខ នេះជាប្រសាសន៍របស់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានថ្លែងក្នុងឪកាស ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី៣០ បើកវគ្គបន្ត ជំនាន់ទី៣១ និងសម្ពោធអគារទីចាត់ការសាលា កម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន(ភ្នំស្រង់) គិតមកដល់បច្ចុប្បន្នមានអគារសរុបចំនួន ៦១ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ ១កន្លែង ឧបសគ្គសម្រាប់ពង្រឹង កាយសម្បទា ២៥ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក ២១កន្លែង អគារមន្ទីរពេទ្យ ផ្លូវចាក់កៅស៊ូ ចំនួន៧ខ្សែ និងអគារទីចាត់ការសាលាថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ មានបណ្ដោយ ៦០ម និងទទឹង ២៦ម និងអគារស្លាបសងខាង ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ២លានដុល្លា សហរដ្ឋអាមរិក។
យោងតាមរបាយការណ៍បិទវគ្គរបស់ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស បានទទួលហ្វឹកហ្វឺនក្នុងពេលតែមួយ រួមមាន៖ វគ្គជំនាញអង្គរក្សពិសេស និងយុទ្ធវិធីថ្មើរជើង ជំនាន់ទី៣០ – វគ្គបណ្តុះបណ្តាលនាយទាហានបឋម ជំនាន់ទី៥ ឆ្នាំទី១, វគ្គបំប៉នបញ្ជាការសេនាធិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី១០។
ដោយឡែក វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី៣០ មានសិក្ខាកាមរួម ចំនួន ៥០៨នាក់ ។ យោធាចារ្យ ចំនួន ៣៤នាក់ និងគណៈគ្រប់គ្រង ចំនួន ៣៥នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ០៦ខែ ដោយផ្តោតទៅលើខ្លឹមសារមេរៀនធំៗចំនួន៩ ក្នុងនោះ លំហាត់របៀប, កាយសិក្សា និងកីឡា, អប់រំចិត្តសាស្ត្រ, ភស្តុភារ ហិរញ្ញវត្ថុ , ច្បាប់ទូទៅ និងសិទ្ធមនុស្ស, សព្វាវុធនិងការបាញ់, សុខាភិបាល, យុទ្ធវិធីរថ្មើរជើង និង ជំនាញអង្គរក្ស។ ជាលទ្ធផល ទទួលបាននិទ្ទេសល្អ ចំនួន ១៥៩នាក់ -ល្អបង្គួរ ចំនួន ២៧១នាក់ និងនិទ្ទេសមធ្យម ចំនួន ៧៨នាក់ ។
នៅក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន កងយោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំ និងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់នូវរាល់ ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការងារ ការពារសន្តិសុខ សុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្ស បានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ អស់មួយជីវិត នៅលើចំណេះដឹង និងចំណីធ្វើ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។
ឆ្លៀតក្នុងខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និងក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់ ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាពជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍របស់សម្តេចតេជោ និងអនុសាសន៍របស់សម្តេចធិបតី ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការ លាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារគ្រឿងបំពាក់ ហ្វឹកហ្វឺន ត្រៀមលក្ខណ:នូវសម្ភារៈឧបករណ៍ ដើម្បីដោះស្រាយនូវគ្រប់ឧបទ្ទវហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ចំនួន ៣តោន និងថវិកាចំនួន ១៥០លានរៀល ៕