ពិធីជប់លៀងថ្លែងអំណរគុណដល់គណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ប្រកបដោយភាពស្និទ្ធស្នាល នៅប្រាសាទធម្មនន្ទ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប
ពិធីជប់លៀងថ្លែងអំណរគុណដល់គណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ប្រកបដោយភាពស្និទ្ធស្នាល នៅប្រាសាទធម្មនន្ទ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប
……………….
នៅល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បន្ទាប់ពីបញ្ចប់នូវ វេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី»,និង ជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ កម្ពុជាបានរៀបចំពិធីជប់លៀងជូនគណៈប្រតិភូជាន់ខ្ពស់ ប្រមាណ ៩៩រូប មកពីបណ្តាប្រទេសចំនួន ២២ ក្នុងទ្វីបទាំង៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ នៃព្រឹទ្ធសភា។
ពិធីជប់លៀងបានរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូជាន់ខ្ពស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ IDC-CDI នេះ និងបានប្រពឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត អមជាមួយសម្រស់ និងទេសភាពដ៏ស្រស់ត្រកាលជុំវិញប្រាសាទធម្មនន្ទនាពេលរាត្រី ជាប្រាសាទបុរាណមួយ ក្នុងចំណោមប្រាសាទជាច្រើនក្នុងទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ដែលកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា និងបានបង្ហាញពីទស្សនីយ៍ភាពទេពអប្សរាលើប្រាង្គប្រាសាទ ព្រមទាំងការសម្តែងនូវរបាំប្រពៃណីខ្មែរ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថ្លែងអំណរគុណដល់គណ:ប្រតិភូជាន់ខ្ពស់ IDC-CDI ដែលចំនាយពេលវេលាដ៏មានតម្លៃ ចូលរួមកិច្ចប្រជុំនៅទីតាំងបេះដូងនៃអរិយធម៌ខ្មែរបុរាណ។ ឯកឧត្តម សង្ឃឹមថា នៅពេលគណ:ប្រតិភូជាន់ខ្ពស់ទាំងអស់ វិលត្រឡប់ទៅកាន់ប្រទេសវិញ នឹងជួយផ្សព្វផ្សាយនូវអនុស្សាវរីយ៍ល្អៗលើទឹកដីអង្គរ វប្បធម៍ ប្រវត្តិសាស្រ្តខ្មែរ ទៅកាន់ពិភពលោក ហើយទិដ្ឋភាពទាំងនេះនឹងដក់ជាប់ក្នុងបេះដូងគណ:ប្រតិភូជាន់ខ្ពស់ IDC-CDI ពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់បន្ថែមថា នៅព្រឹកស្អែកនេះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ IDC-CDI នឹងបំពេញទស្សនៈកិច្ចនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ ដែលរៀបចំឡើងដោយឯកឧត្តម សុខ សូកេន តំណាងគណបក្យប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច៕