សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបើកសម្ពោធបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
ទីតាំងទី២ នៃស.វ.ស ៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រដោយមានការបំពាក់សម្ភារៈ ឧបករណ៍សម្រាប់សិក្សាបង្ហាញត្រាប់ សរុបចំនួន ២៥ ប្រភេទ ឧបត្ថម្ភដោយសាធារណរដ្ឋឆែក ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមអង្គភាព មន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិក និស្សិត ស.វ.ស ប្រមាណប្រហែល១២០រូប ។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈអមសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យ និងទីផ្តល់សេវាសុខាភិបាល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
១. បង្កើនការផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
២. សិក្សាលទ្ធភាពក្នុងការពង្រីក pathway
៣. កៀរគរស្វែងរកជំនួយអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្របន្ថែម ទាំងលើទិដ្ឋភាពបច្ចេកទេស គរុកោសល្យ និងអាហារូបករណ៍និស្សិត។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានសំណូមពរដល់សាធារណរដ្ឋឆែក មេត្តាបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសលើការបណ្តុះបណ្តាលគ្រូ និងបំពាក់បន្ថែមហេដ្ឋារចនាសម្ព័ន្ធបង្ហាញត្រាប់ សម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរាយការណ៍ជាសង្ខេប អំពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ ឯកឧត្តមសាកលវិទ្យាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក ដែលបានជួយផ្តល់ការគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីសារ:ប្រយោជន៍ មន្ទីរពិសោធន៍ថ្មីនេះក្នុងការផ្តល់ឱកាសឱ្យនិស្សិតទទួលបានការបណ្តុះបណ្តាលជាក់ស្តែងលើឧបករណ៍ពេទ្យ ការថែទាំ និងការជួសជុល។
គួរជម្រាបថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នឹងទទួលបានសញ្ញាបត្រដែលចេញរួមគ្នាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និងមាននិស្សិតសរុបចំនួន ២០ នាក់។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាលម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH៕