សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ប្រធានគណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ហួង លី (Huang Li) ប្រធានគណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហួង លី និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានឆ្លុះឱ្យឃើញពីការអនុវត្តជាក់ស្តែងនូវស្មារតីនៃកិច្ចព្រមព្រៀងរវាងសភានៃប្រទេសទាំងពីរ ដែលបានចុះត្ថលេខាកាលពីខែកញ្ញា កន្លងមកថ្មីៗនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរនៅគ្រប់កម្រិត តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន។ សម្តេចប្រធានរដ្ឋ បានគូសបញ្ជាក់ថា ខេត្តក្វាងទុងជាខេត្តមួយមានដែលសក្តានុពល សេដ្ឋកិច្ចនិងនវានុវត្តន៍ខ្ពស់ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនខ្លំាង។ សម្តេចបានស្នើដល់ឯកឧត្តមប្រធានគណៈប្រតិភូជួយជំរុញនិងសម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញអ្នកវិនិយោគចិនមកកម្ពុជា និងជួយបញ្ជាទិញផលិតផលកសិកម្មពីកម្ពុជា និងជំរុញការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងលើកសិកម្មទំនើប។ព្រមជាមួយគ្នានេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានស្នើដល់សភាខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យបានកាន់សកម្មនិងគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិតនិងគ្រប់វិស័យ ពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនាំមកនូវផល ប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទំាងសងខាង។ នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភាលើកឡើងថា ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-ចិន និងមានលក្ខណៈពិសេស ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសទំាងពីរ។ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរកាលពីឆ្នាំ២០២៣ សម្រេចបានជាង១២ពាន់លានដុល្លារ ហើយត្រឹម៨ខែ ឆ្នាំ២០២៤នេះ គឺសម្រេចបានជាង១០ពាន់លានដុល្លារហើយ។ ដូច្នេះការឆ្ពោះទៅសម្រេចបាននូវគោលដៅ ១៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥នឹងទទួលបានជោគជ័យជាក់ជាមិនខានឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ខេត្តក្វាងទុងជាផ្នែកសំខាន់មួយនៅក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបានតាមផែនការគ្រោងទុក។

ជាការឆ្លើយតប ឯកឧត្តម ហួង លី បានគំាទ្រប្រសាសន៍សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានថ្លែងអំណរគុណដែលសម្តេចបានចំណាយពេលវេលាទទួលជួបឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមក៏បានជម្រាប សម្តេចប្រធានរដ្ឋសភា ពីគោលបំណងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ គឺដើម្បីសិក្សាពីច្បាប់និងការអនុវត្តច្បាប់របស់កម្ពុជាលើបញ្ហាមនុស្សសាស្រ្ត សង្គមកិច្ច និងការងារ។ ដំណើរទស្សនកិច្ចនាពេលនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាខេត្តក្វាងទុងនិងរដ្ឋសភាកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបរបស់កម្ពុជាផងដែរ។

ឯកឧត្តម ហួង លី បានជម្រាបជូនសម្តេចពីភូមិសាស្រ្ត និងសក្តានុពលសំខាន់ៗរបស់ខេត្តក្វាងទុង ដែលមានប្រជាពលរដ្ឋ១៥០លាននាក់និងបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតីទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុងក្នុងពេលវេលាសមស្របណាមួយ ផងដែរ។

ក្រោយពីជំនួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភារួចហើយ ឯកឧត្តមប្រធាន គណៈកម្មាធិការសង្គមកិច្ចនៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាកម្ពុជា បន្តទៀត៕